Ly Yifei កើតក្នុងឆ្នាំ១៩៩៧ ក្នុងគ្រួសារមានជីវភាពធូរធារក្នុងខេត្ត Shandong។ តាំងពីថ្នាក់បឋមដល់វិទ្យាល័យ នាងគឺជាសិស្សម្នាក់ដែលមានភាពលេចធ្លោសិល្បៈក្នុងថ្នាក់ ដែលតែងតែទទួលបានការសរសើរ។ ក្មេងស្រីរូបនេះចង់ក្លាយជាអ្នកសំដែងឧបករណ៍ភ្លេងបុរាណ។ នៅអាយុ ១៧ ឆ្នាំ ផែនការរបស់ Ly បានផ្លាស់ប្តូរភ្លាមៗនៅពេលដែលនាងបានស្គាល់តារាសម្តែង Liu Yifei នៅក្នុងរឿងភាគបុរាណមួយ។ សម្រស់បែបបុរាណរបស់ Liu Yifei ដូចទេពអប្សរក្នុងភាពយន្តបានទាក់ទាញក្មេងស្រីវិទ្យាល័យភ្លាមៗ។
ដំបូងឡើយ Ly Yifei គ្រាន់តែស្រលាញ់ Idol របស់ខ្លួនសុទ្ធសាធ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរនៅពេលដែលមិត្តរួមថ្នាក់ម្នាក់បានបញ្ចេញមតិថា៖ «ខ្ញុំគិតថាអ្នកមើលទៅស្រដៀងនឹង Liu Yifei»។ តាមការអធិប្បាយរបស់មិត្តភ័ក្តិ នាងបានចាប់ផ្ដើមរៀនពីចលនា ទឹកដម ម៉ូតសក់ និងការតុបតែងខ្លួនថែមទាំងបានចុះឈ្មោះចូលរៀនរបាំប្រពៃណី ដោយរៀនរាល់ចលនានៃការគ្រវីដៃ និងរាំដាវ។ បន្តិចម្ដងៗ Ly Yifei ត្រូវបានគេដាក់រហ័សនាមថា Liu Yifei នៃ Shandong ។ រហ័សនាមនេះធ្វើឱ្យ Ly រំភើបចិត្ត ប៉ុន្តែនាងនៅតែចង់ធ្វើដូចតារាក្នុងដួងចិត្តនាងតែម្តង ដូច្នេះហើយទើបនាងគិតចង់វះកាត់កែសម្ផស្ស។ ប៉ុន្តែឪពុកម្តាយរបស់នាងបានជំទាស់យ៉ាងខ្លាំង។
ដោយសារតែមានចំណង់ចំណូលចិត្តជាតារាចម្រៀង Ly តែងតែរំលងសាលា ហើយការសិក្សាក៏ធ្លាក់ចុះ។ នៅពេលនេះ ឪពុកម្តាយរបស់នាងត្រូវយល់ព្រមឱ្យកូនស្រីធ្វើការវះកាត់កែសម្ផស្សនៅពេលនាងមានវ័យធំដឹងក្តីជាងនេះជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យនាងខិតខំសិក្សា និងចូលរៀននៅសកលវិទ្យាល័យល្អ។ ដោយទទួលយកការផ្តល់ជូននេះ Ly បានលះបង់អស់ពីចិត្តក្នុងការប្រឡង ហើយបានចូលរៀននៅសកលវិទ្យាល័យ Qingdao Agricultural University។.png)
ថ្ងៃដែលនាងទទួលបានដំណឹងចូលរៀន Ly បានទៅមន្ទីរពេទ្យកែសម្ផស្ស ហើយប្រាប់គ្រូពេទ្យថានាងចង់ក្លាយជាស្រីស្អាតដូច Liu Yifei។ ក្រោយពីពិនិត្យរួច គ្រូពេទ្យបាននិយាយថា ដើម្បីឱ្យមានមុខដូចតារាស្រីរូបនេះនាងត្រូវវះកាត់ថ្គាម និងនីតិវិធីមួយចំនួនទៀត។ នៅពេលដែលគ្រួសារនៅតែស្ទាក់ស្ទើរ មន្ទីរពេទ្យបានគិតពីវិធីសាស្រ្តថ្មី។ ពួកគេបានកត់សម្គាល់ឃើញថា មនុស្សស្រីកាន់តែច្រើនឡើងចង់មើលទៅដូចតារាជាក់លាក់។ ប្រសិនបើមន្ទីរពេទ្យបង្កើត «Liu Yifei ទីពីរ» វាប្រាកដជាទាក់ទាញអតិថិជនមួយចំនួនធំ។
បន្ទាប់មក មន្ទីរពេទ្យបានចរចាជាមួយគ្រួសាររបស់ Ly ដោយផ្តល់ការបញ្ចុះតម្លៃ និងការចំណាយជួយដល់ក្តីសុបិនរបស់នាងឱ្យក្លាយជាការពិត។ ជាការតបស្នង នាងត្រូវតែធ្វើយុទ្ធនាការទំនាក់ទំនងជាមួយមន្ទីរពេទ្យ។ ដោយបានឈានដល់ការឯកភាពគ្នា Ly បានចូលបន្ទប់វះកាត់ ហើយត្រឹមតែមួយខែ នាងទទួលបានរូបរាងដែលនាងចង់បាន។
ក្រោយវះកាត់ភ្លាម Ly បានល្បីពេញបណ្តាញសង្គម ដោយបានចូលរួមកម្មវិធីហ្គេមប្លែកៗជាច្រើន។ អារម្មណ៍ទទួលបានការកោតសរសើរ និងសរសើរពីសំណាក់មហាជនជាច្រើនបានធ្វើឱ្យ Ly និយាយថា «ជីវិតតារាគឺអស្ចារ្យ»។
ក្នុងអំឡុងពេលនេះ បន្ទាប់ពីទទួលការណែនាំសពីមន្ទីរពេទ្យ Ly បានចាប់ផ្ដើមចូលរួមប្រកួតសម្រស់។ យ៉ាងណាមិញ នាងទទួលបានការរិះគន់ជាច្រើនពីបទអយុត្តិធម៌ចំពោះបេក្ខនារីដទៃដែលមានសម្រស់ធម្មជាតិ។ Ly បានក្លាយជាចំណុចសំខាន់នៃការពិភាក្សា។ មហាជនមួយចំនួនគិតថា ភាពល្បីល្បាញភ្លាមៗរបស់តារាស្រីរូបនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់យុវវ័យ ព្រោះពួកគេគ្រាន់តែពឹងលើសម្រស់សិប្បនិម្មិត ទើបអាចឡើងតំណែងបាន។ មតិជាច្រើនថែមទាំងសម្តែងការអាណិត ដោយប្រដូចនាងទៅនឹងឧបករណ៍រកលុយសម្រាប់មន្ទីរពេទ្យកែសម្ផស្ស ផ្សព្វផ្សាយនាងនៅពេលវាមានប្រយោជន៍ និងសុខចិត្តបោះបង់ចោលនាងប្រសិនបើវាលែងមានប្រសិទ្ធភាព។ ដោយសារតែស្ទាក់ស្ទើរមិនចង់ល្បី ជីវិតរបស់ Ly ក៏ត្រូវរំខាន។ នាងបាត់មិត្តភក្តិជាបណ្តើរៗ ហើយពេលនាងចេញទៅ នាងត្រូវបានក្រសែរភ្នែកជាច្រើនសម្លឹងមករកនាង។ 
ភាពតានតឹងផ្លូវចិត្តយូរ Ly ត្រូវរត់ទៅជនបទដើម្បីសម្រាក។ ជីវិតនៅជនបទធ្វើឱ្យនាងទទួលបាននូវភាពអស្ចារ្យនៃសេរីភាពដែលមិនត្រូវបានអ្នកណាស្គាល់។ ឪពុកម្ដាយក៏ណែនាំកូនស្រីឱ្យផ្ដោតលើការសិក្សា និងកុំដេញតាមអ្វីដែលមិនកើតចេញពីសមត្ថភាពពិតរបស់ខ្លួន។ Ly បាននិយាយថានាងក៏បានរៀនមេរៀនមួយបន្ទាប់ពីព្រឹត្តិការណ៍ដែលថា «មានវិធីជាច្រើនដើម្បីបញ្ជាក់ខ្លួនឯងដោយមិនចាំបាច់ធ្វើដូចអ្នកដទៃ» ។
បន្ទាប់ពីបោះបង់ក្តីស្រមៃចង់ក្លាយជាតារា Ly ចាប់ផ្តើមមានលំនឹងចិត្តបន្តិចម្តងៗ ហើយត្រឡប់ទៅសិក្សាក្នុងថ្នាក់វិញ។ ក្រោយបញ្ចប់ការសិក្សា នាងបានជ្រើសរើសទៅសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស។ ត្រឡប់មកប្រទេសវិញ Ly បានបង្កើតម៉ាកគ្រឿងសម្អាងផ្ទាល់ខ្លួន។
ពេលនេះក្មេងស្រីម្នាក់នេះលែងមានឈ្មោះហៅក្រៅថា Liu Yifei ដូចពីមុនទៀតហើយ ហើយក៏បានបោះបង់ចោលបន្តិចម្តងៗនូវសកម្មភាពធ្វើត្រាប់តាមកាយវិការ ឬទឹកដមរបស់អតីត idol របស់នាងផងដែរ។ នាងចង់ក្លាយជាការពិតរបស់នាង រស់នៅជាខ្លួនឯង។
Ly ក៏បានផ្តាំផ្ញើសារមួយដែរថា «មនុស្សម្នាក់ៗមានលក្ខណៈរៀងៗខ្លួន មិនចាំបាច់ព្យាយាមធ្វើដូចអ្នកដទៃទេ បើមិនដូច្នេះទេ អ្នកនឹងបាត់បង់ខ្លួនឯង ហើយក្លាយជាមនុស្សក្លែងក្លាយកាន់តែច្រើន» ៕










