ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅនេះ គឺបានសិក្សាទៅលើគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) និងផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។
តាមលទ្ធផលបឋមបានឲ្យដឹងថា ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុនសាជីកម្មស្ពានថ្នល់ចិន CRBC និងសំណង់ចិន CCCC ដែលបានសិក្សាទៅលើលទ្ធភាពនៃសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ។ ហើយក្រុមហ៊ុនក៏បានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀប តម្លៃឯកតា ចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាស, រយៈពេលនៃការសាងសង់, តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំជាដើម។
បើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ការសិក្សាបង្កើតផ្លូវរថភ្លើងធុនស្រាលនេះ ដើម្បីជាការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតាខ្មៅ មករាជធានីភ្នំពេញ និងបង្កើតស្ថានីយអ្នកដំណើរមួយភ្ជាប់ទៅផ្សារទំនើប អ៊ីអន មានជ័យ ដើម្បីផ្តល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនា និងទិញទំនិញនៅផ្សារទំនើបនេះដោយផ្ទាល់ ដែលវាជាមធ្យោបាយមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងក្រុង ប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ៕











