ប្រទេសចិន ៖ «តើចង់គេចទៅដើរលេងមែន លោកយាយ?» នេះជាសំណួរដែលអ្នកប្រើប្រាស់បណ្តាញសង្គមសួរបែបលេងសើច ក្រោយមានការបង្ហោះវីដេអូពីលោកយាយម្នាក់ អាយុរហូតដល់៩២ឆ្នាំ ប៉ុន្តែនៅតែមានសុខភាពរឹងមាំ ។ ក្នុងវីដេអូ គេបានឃើញយាយផ្លោះរបងមណ្ឌលថែទាំមនុស្សចាស់ ដែលមានកម្ពស់ជាង២ម៉ែត្រ ដោយចំណាយពេលត្រឹមតែ២៤វិនាទីប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅទីក្រុងយៀនតៃ ខេត្តសានដុង ប្រទេសចិន ។ សន្តិសុខមើលការខុសត្រូវមណ្ឌលថែទាំមនុស្សចាស់ និយាយថា បានពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព ហើយក៏ឃើញយាយដើរទៅក្បែររបង ។ បន្ទាប់មក យាយក៏ប្រញាប់ផ្លោះរបងចេញទៅបរិវេណខាងក្រៅយ៉ាងឆាប់រហ័ស ។
ក្រោយមក នាយកមណ្ឌលថែទាំមនុស្សចាស់ ក៏ប្រញាប់បញ្ជូនបុគ្គលិកតាមស្វែងរកយាយត្រឡប់មកវិញ ពីព្រោះគិតថា យាយរត់ពុំបានឆ្ងាយទេ ។ ២៥នាទីក្រោយមក ពួកគេក៏តាមរកយាយឃើញ និងនាំត្រឡប់មកមណ្ឌលវិញ ហើយយាយនឿយហត់តិចតួចប៉ុណ្ណោះ ។
នាយកមណ្ឌលថែទាំមនុស្សចាស់ និយាយថា យាយមានជំងឺ Alzheimer ដែលបណ្តាលឱ្យការគិតចុះខ្សោយ និងភ្លេចរឿងរ៉ាវផ្សេងៗ ហើយយាយចូលចិត្តឡើងលើទ្វារ-បង្អួចជាប្រចាំ ។ មណ្ឌលសន្យាថា នឹងមើលថែទាំយាយជរារូបនេះឱ្យកាន់តែដិតដល់ ដោយការបង្កើនចំនួនបុគ្គលិកបន្ថែម ដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។
ក្រោយពីវីដេអូនេះបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរពីសុខភាពរឹងមាំរបស់យាយ ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា ៖ «ពិតជាពូកែណាស់! ពួកយុវជនធ្វើមិនបានដូចយាយទេ» ។
ចំណែកមនុស្សខ្លះទៀតនិយាយថា ៖ «កាលពីក្មេងៗ បែបធ្លាប់គេចរៀនហើយ ទើបពេលចាស់ទៅ គេចពីមណ្ឌលថែទាំមនុស្សចាស់» ។ រីឯមនុស្សខ្លះទៀតថា ៖ «ទោះជារយៈពេល២នាទី ក៏ខ្ញុំផ្លោះរបងពុំរួចដែរ» ៕










