យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដានេះ បានឲ្យដឹងថាភ្នំខ្នងព្រះអង្គ ជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយកន្លែង សម្រាប់អ្នកចូលចិត្តការឡើងភ្នំ និងផ្សងព្រេង ដែលមានទីតាំងស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពដដែលបានបញ្ជាក់ទៀតថា ភ្នំខ្នងព្រះអង្គ មានកម្ពស់ ១២០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ជាខ្នងភ្នំដែលមានទេសភាព ៣៦០ដឺក្រេ។ គេចាត់ទុកថាទីនោះគឺជាខ្នងភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត, ជាកន្លែងទីសក្ការៈពីសម័យបុរាណ ព្រោះថាមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា លើកំរាលថ្ម។
បន្ថែមពីនេះ វាក៏អាចជាកន្លែងមើលតារាសាស្រ្តពីអតីតកាលផងដែរ។ យ៉ាងណាមិញរឿងទាំងនេះនូវជាអាថ៌កំបាំងនៅឡើយ ព្រោះមិនទាន់មានការបកស្រាយពីអ្នកជំនាញណាម្នាក់នោះទេ ។
នៅលើភ្នំខ្នងព្រះអង្គ គឺមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ព្រៃប្រឹក្សានិងវាលស្មៅពណ៌បៃតងខៀវខ្ចី និងទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា។ ចំពោះផ្លូវធ្វើដំណើរឡើងភ្នំនេះវិញ ភ្ញៀវទេសចរនឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្បោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ កាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងវល្លិ៍និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង។
បន្ថែមពីនេះ នៅលើកំពូលភ្នំ ភ្ញៀវទេសចរក៏អាចធ្វើការបោះតង់សម្រាកលំហែរកាយ មើលទេសភាពថ្ងៃរៀបលិច អមជាមួយនឹងអ័ព្វផ្សែងត្រជាក់នាជំនោររដូវវរស្សារនេះ។ ប៉ុន្តែការឡើងភ្នំនារដូវនេះ រៀងពិបាកបន្តិច ដូច្នេះអ្នកផ្សងព្រេងគ្រប់ៗរូបគួរតែបង្កើនការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈ ក៏ដូចជាសម្ភារៈឲ្យបានគ្រប់គ្រាន់ផងដែរ៕
រូបភាព៖ មន្ទីទេសចរណ៍ខេត្តពោធិ៍សាត់










