ប្រទេសចិន៖ ការងារនៅក្នុងវិស័យ AI ដូចជាអ្នកបង្កើតកម្មវិធី AI ជំនាន់ថ្មី, អ្នកផលិតមនុស្សយន្ត AI និងវិស្វករ AI ផ្សេងទៀត អាចទទួលបានប្រាក់ខែ ១,៨០០ ដុល្លារអាមេរិកឡើងទៅ ក្លាយជាឧស្សាហកម្មដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ។
យោងតាមការចុះផ្សាយរបស់ South China Morning Post កាលពីថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា ស្ថិតិប្រាក់ខែសម្រាប់ត្រីមាសទី ២ នៃឆ្នាំ ២០២៤ ចេញផ្សាយដោយវេទិកាជ្រើសរើសបុគ្គលិកឈានមុខគេនៅក្នុងប្រទេសចិន Zhilian Zhaopin បានបង្ហាញថាការងារនៅក្នុងវិស័យ AI គឺបានឃើញកំណើនប្រាក់ខែប្រចាំខែ ៥.៣% បើប្រៀបធៀបទៅនឹងត្រីមាសមុនដល់ទៅ ១,៨៧០ ដុល្លារអាមេរិក។
លទ្ធផលខាងលើបានធ្វើឱ្យ AI លើសពីឧស្សាហកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមានប្រាក់ខែប្រចាំខែត្រឹមតែ ១,៦០០ ទៅ ១,៨០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះគឺជាលើកទីមួយហើយដែល AI ត្រូវបានចាត់ថ្នាក់ជាផ្នែកដាច់ដោយឡែកមួយនៅក្នុងរបាយការណ៍នេះ ជំនួសឱ្យការដាក់ជាក្រុមទៅក្នុងវិស័យបច្ចេកវិទ្យាដូចពីមុន។ ដូច្នេះសម្រាប់វិស្វករ AI ប្រាក់ខែជាមធ្យមប្រចាំខែគឺច្រើនជាង ៣,០០០ ដុល្លារអាមេរិក នាំមុខគេ ២០ ការងារដែលអាជីពនេះគឺមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះវិស្វករ AI នឹងអាចទទួលបានប្រាក់ខែកាន់តែច្រើន ប្រសិនបើពួកគេមានការអប់រំ បទពិសោធន៍ខ្ពស់ ឬមុខតំណែងក្នុងចក្ខុវិស័យកុំព្យូទ័រស្ទាត់ជំនាញ។

បើយោងតាម Global times បានប៉ាន់ប្រមាណថា ប្រាក់បៀវត្សរ៍ខ្ពស់នៃធនធានមនុស្ស AI បានមកពីការកើនឡើងភ្លាមៗនៃតម្រូវការពីក្រុមហ៊ុនចិន ដើម្បីអភិវឌ្ឍកម្មវិធី AI បន្ថែមទៀត។ ហេតុនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា ByteDance, Huawei និង Tencent នឹងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញទេពកោសល្យកំពូលដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការឈានទៅដល់ពិភពលោក។
បើយោងតាមគេហទំព័រនេះក៏បានដកស្រង់ផងដែរថា អ្នកជំនាញ AI ដ៏កំពូលនឹងអាចទទួលបានប្រាក់ខែខ្ពស់ជាង ១ លានយន់ (ប្រមាណ ១៣ ម៉ឺនដុល្លារអាមេរិក)។ Liu Gang ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ AI ជំនាន់ថ្មីរបស់ប្រទេសចិន បាននិយាយថា បច្ចុប្បន្នប្រទេសនេះកំពុងប្រកាសជ្រើសរើសវិស្វករ AI ជាបន្តបន្ទាប់បន្ថែមទៀត ដោយសារ AI មានរបកគំហើញ និងមានឥទ្ធិពលលើគ្រប់វិស័យ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនមានក្រុមហ៊ុន AI ជាង ៤,៥០០ កន្លែងនៅគ្រប់ទីតាំង។ ឧស្សាហកម្មបញ្ញាសិប្បនិមិត្តក្នុងប្រទេសនេះត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ទំហំជាង ៨១ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ដែលកើនឡើង ១៣.៩% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការរក្សាបាននូវទេពកោសល្យ ភាពមិនស៊ីសង្វាក់គ្នាក្នុងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់អ្នកជំនាញដែលមានជំនាញ ក៏ដូចជាតម្រូវការសម្រាប់ប្រព័ន្ធបណ្តុះបណ្តាលទេពកោសល្យ៕










