ថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរុះរើស្លាក.ស្រា.បៀរគ្រប់ប្រភេទនៅទូទាំងខេត្តតាកែវ ដែលបណ្តាលឲ្យមហាជនជាច្រើនបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ក៏ដូចជាសូមសំណូមពរដល់ខេត្តផ្សេងៗយកគំរូតាមខេត្តនេះដែរ។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា «រដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ» បានបង្ហាញពីសកម្មភាពក្រុមការងារកំពុងញាប់ដៃញាប់ជើង រុះរើស្លាកស្រាបៀរគ្រប់ប្រភេទដែលដាក់តាំងបង្ហាញនៅមុខតូបលក់ទំនិញក៏ដូចជាហាងនានា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះនៅស្រុកផ្សេងៗទៀតក្នុងខេត្តតាកែវនេះ ក៏បានធ្វើការរុះរើស្លាកស្រាបៀរនេះចោលផងដែរ តួយ៉ាងដូចជាស្រុកគិរីវង្ស ក៏បានធ្វើការទម្លាក់ផ្លាកប៉ាណូធំៗនៅតាមដងផ្លូវជាបន្តបន្ទាប់ហើយ នេះបើយោងតាមការបង្ហោះដោយគណនីមួយមានឈ្មោះថា Pheak Kampuchea។
គួរបញ្ជាក់ថា ការចុះរុះរើស្លាកស្រាបៀរទាំងធំទាំងតូចនៅទូទាំងខេត្តតាកែវនេះ គឺធ្វើឡើងបន្ទាប់ពីអភិបាលថ្មីខេត្តតាកែវ លោកវ៉ី សំណាង កាលពីពេលកន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាឲ្យមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវតែរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទចេញទាំងអស់ឲ្យតែស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ បន្ទាប់អាជ្ញាធរបានអនុវត្តតាមបទបញ្ញាត្តិនេះកាលពីពេលថ្មីៗហើយ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនហាក់សម្តែងនូវការពេញចិត្ត ដោយបញ្ចេញមតិថាគាំទ្រយ៉ាងពេញទំហឹងគ្រប់ៗគ្នា រហូតដល់មានការសំណូមពរទៀតថា ខេត្តផ្សេងៗទៀតក៏គូរតែយកគំរូតាមខេត្តតាកែវផងដែរ៕










