ថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីមានជំងឺផ្តាសាយបក្សី កើតលើ ក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។
ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺមានអាការៈស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូ ពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុនចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះ អ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងស្រីបានប៉ះពាល់មាន់ងាប់។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ៕










