«ស្វេតច្ឆត្រ» គឺមកអំពីពាក្យសំស្ក្រឹត២ពាក្យផ្សំគ្នា គឺពាក្យស្វេតដែលមានន័យថាពណ៌ស, ច្ឆត្រ ដែលមានន័យជាគ្រឿងបាំងពាសសំពត់។ ដូចនេះពាក្យ«ស្វេតច្ឆត្រ»គឺសំដៅលើឆត្រដែលមានពាសសំពត់ពណ៌ស ជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ព្រះរាជា ឬអ្នកអភិជនទាំងពួង នេះបើយោងតាមប្រភពបុរាណាចារ្យ។ 
ប្រភពដដែលបានឲ្យដឹងទៀតថា ព្រះមហាស្វេតច្ឆត្រ គឺតំណាងនៃអំណាចរបស់ព្រះមហាក្សត្រ ជានិមិត្តរូបបង្ហាញពីវិសាលភាពនៃព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់គ្រប់គ្រងរាជសម្បត្តិប្រកបដោយទសពិធរាជធម៌ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទាំងអស់ផងដែរ។ ខណៈបច្ចុប្បន្ន នៅកម្ពុជាយើង ព្រះមហាស្វេតច្ឆត្រ គឺជាឆត្រពណ៌សត្រួតលើគ្នាចំនួន៩ជាន់ ពីធំទៅតូចមានសណ្ឋានស្រួចឡើងទៅលើជាលក្ខណៈកំពូលវិមាន ជាន់នីមួយៗមានរំភាយ ៣ជាន់ ហើយនៅផ្នែកខាងចុងរំភាយមានជរសំពត់ពណ៌មាស។ 
ក្រៅអំពីព្រះមហាស្វេតច្ឆត្រ៩ជាន់នេះ ព្រះរាជាណាចក្រកម្ពុជាយើងពីបុរាណក៏មានប្រើប្រាស់នូវប្រភេទស្វេតច្ឆត្រផ្សេងៗផងដែរ ដូចជា ស្វេតច្ឆត្រ៧ជាន់ ៥ជាន់ និង៣ជាន់ តាមស្ថានភាព កាលៈទេសៈផ្សេងៗពីគ្នា។ ស្វេតច្ឆត្រ ៧ជាន់ ព្រះបរមស្វេតច្ឆត្រ ជាទូទៅមានប្រើប្រាស់សម្រាប់ព្រះមហាក្សត្រដែលពុំទាន់ទទួលព្រះរាជពិធីបរមរាជាភិសេកផ្លូវការ។
ប្រភពបុរាណាចារ្យបានឲ្យដឹងទៀតថា សម័យបុរាណ កាលពីព្រះមហាក្សត្រយាងគ្រងរាជពុំបានប្រារព្ធព្រះរាជពិធីបរមរាជាភិសេក ពេញបរិបូណ៌ទេ ក៏នឹងប្រើតែស្វេតច្ឆត្រ ៧ជាន់នេះតែប៉ុណ្ណោះ រីឯកាលបើសម័យណាដែលនគរកម្ពុជាយើងធ្លាក់ជាចំណុះប្រទេសជិតខាងវិញ ក៏តម្រូវអោយព្រះមហាក្សត្រនគរយើងទម្លាក់ចំនួនជាន់នៃព្រះមហាស្វេតច្ឆ័ត្រចុះមកនៅត្រឹម ៧ជាន់វិញ ដើម្បីមិនឱ្យមានឋានៈស្មើនគរជាធំនោះ។ ស្វេតច្ឆត្រ ៥ជាន់ ប្រើប្រាស់បានសម្រាប់សម្តេចព្រះមហាឧបរាជនៃក្រុងកម្ពុជាធិបតី ដែលជាអ្នកនឹងឡើងសោយរាជ្យបន្តពីព្រះមហាក្សត្រ ឬសង្កេតឃើញថាមានចងលើព្រះទីន័ងគជសារសឹក៕










