ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អង្គការសហប្រជាជាតិ (UN) បានបង្ហាញរបាយការណ៍និយាយពីប្រទេសចំនួន៧ នៅតំបន់អាស៊ី ក្នុងនោះក៏មានប្រទេសថៃផងដែរ បានចូលរួមចំណែកជួយសម្រួលដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទិញអាវុ.ធ ជាបន្តបន្ទាប់ ដើម្បីធ្វើសង្គ្រា.ម និងបង្កអំពើហិ.ង្សា ជាមួយពលរដ្ឋ ។
ការិយាល័យផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានសរសេររបាយការណ៍មួយឈ្មោះ «Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar» ដោយលើកឡើងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាពឹងពាក់ធនាគារបរទេស ឬរដ្ឋាភិបាលប្រទេសជាច្រើនពាក់ព័ន្ធនឹងការទិញអាវុធ ដែលបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារសង្គ្រាម និងជម្លោះអូសបន្លាយពេល ។ ក្រៅពីនេះ របាយការណ៍ក៏បានសរុបស្ថានការណ៍ផ្នែកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាផងដែរ ។
របាយការណ៍នេះសរសេរដោយ Tom Andrews ជាភ្នាក់ងាររាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ដោយបានដកស្រង់ពីការនាំចូលអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន១៦ របស់៧ប្រទេស រួមមាន ៖
-ស្ថាប័នហិរញ្ញវត្ថុ ថៃ ចំនួន៥ (រួមមាន ៖ Siam Commercial Bank, Bangkok Bank, Kasikorn Bank, TMB Thanachart Bank, Krung Thai Bank)
-ស្ថាប័នហិរញ្ញវត្ថុ សិង្ហបុរី ចំនួន៣
-ស្ថាប័នហិរញ្ញវត្ថុ ម៉ាឡេស៊ី ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ រុស្ស៊ី ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ ឥណ្ឌា ចំនួន២
-ស្ថាប័នហិរញ្ញវត្ថុ ចិន ចំនួន១ និង
-ស្ថាប័នហិរញ្ញវត្ថុ កូរ៉េខាងត្បូង ចំនួន១ ។.jpg)
របាយការណ៍នេះលើកឡើងថា ធនាគារជាច្រើននៅប្រទេសថៃបានដើរតួនាទីជំនួសធនាគារសិង្ហបុរី ហើយក្លាយជាផ្លូវកាត់របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការនាំចូលអាវុធ ដើម្បីបង្ក្រាបក្រុមប្រឆាំងនឹងរដ្ឋាភិបាល ។
តាមទិន្នន័យរយៈពេល១ឆ្នាំ (គិតរហូតដល់ខែមីនា ឆ្នាំ២០២៣) និងទិន្នន័យរយៈពេល១ឆ្នាំក្រោយ (គិតរហូតដល់ខែមីនា ឆ្នាំ២០២៤) បង្ហាញថា ចំនួនការនាំចេញអាវុធ និងឧបករណ៍ផ្សេងៗពីក្រុមហ៊ុនសិង្ហបុរី បានធ្លាក់ចុះជិតស្មើ៩០% គឺពី៨១ក្រុមហ៊ុន មកស្មើត្រឹមតែ៦ក្រុមហ៊ុន ខណៈធនាគារសិង្ហបុរីធ្វើការងារពាក់ព័ន្ធនឹងការទិញអាវុធ ស្មើប្រមាណ៧០% ។ ផ្ទុយទៅវិញ ការនាំចេញអាវុធពីក្រុមហ៊ុនថៃទៅមីយ៉ាន់ម៉ា បែរជាកើនឡើងទ្វេដង គឺពីចំនួនទឹកប្រាក់នាំចេញ ៦០លានដុល្លារ កើនឡើងដល់១៣០លានដុល្លារអាមេរិក ។ 
របាយការណ៍បញ្ជាក់ទៀតថា ធនាគារថៃបានផ្តល់ភាពងាយស្រួលដល់ការជួញដូរអាវុធទៅមីយ៉ាន់ម៉ាកើនឡើងទ្វេដង ។ ធនាគារថៃចំនួន៥ ត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់ទិញអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាមួយក្រុមហ៊ុននាំចេញអាវុធរបស់ថៃ ។ ក្នុងចំណោមធនាគារទាំង៥ របស់ថៃ គឺមានធនាគារ១ បានប្រតិបត្តិការទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងអាវុធ ស្មើរហូតដល់ជាង១០០លានដុល្លារអាមេរិក ។
ចុងក្រោយ របាយការណ៍សរសេរថា ការនាំចូលអាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៣ បានធ្លាក់ចុះពីទឹកប្រាក់៣៧៧លានដុល្លារ មកស្មើនឹង២៥៣លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២២ ៕










