សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ថ្ងៃឆ្នាំ គឺជាទិវាបុណ្យជាតិរបស់អាមេរិក ឬជាថ្ងៃបុណ្យឯករាជ្យជាតិ (Independence Day) ពីព្រោះកាលពីឆ្នាំ១៧៧៦ អ្នកតំណាងរដ្ឋអាណានិគមរបស់អង់គ្លេស ចំនួន១៣រដ្ឋនៅអាមេរិក បានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យជាផ្លូវការពីប្រទេសអង់គ្លេស ។
ចំណែកឯកសារសំខាន់ក្នុងការចុះហត្ថលេខានេះមានឈ្មោះថា «សេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក» ។ ចាប់ពីពេលនោះមក នៅឆ្នាំ១៩៤១ អាមេរិកក៏បានប្រកាសថា នៅថ្ងៃទី៤ ខែកក្កដា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីឱ្យពលរដ្ឋអាមេរិកចូលរួមអបអរសាទរ ។
ប៉ុន្តែថ្ងៃប្រកាសឯករាជ្យនៅឆ្នាំ១៧៧៦ ពុំមែនជាទិវាឯករាជ្យសម្រាប់មនុស្សគ្រប់រូបនៅអាមេរិកទេ ពីព្រោះក្នុងអំឡុងពេលនោះ ជនជាតិស្បែកខ្មៅនៅតែជាទាសកររបស់អាមេរិក និងត្រូវគេជាន់ឈ្លី រហូតដល់ប្រធានាធិបតីអាមេរិកសម័យនោះ គឺលោក Abraham Lincoln ប្រកាសឱ្យឈប់ចាត់ទុកជនជាតិស្បែកខ្មៅជាទាសករ នៅឆ្នាំ១៨៦២ ។ ប៉ុន្តែអាមេរិកនឹងរង់ចាំអនុវត្តសេចក្តីប្រកាសនេះពេលបញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៨៦៥ ជាមុន ទើបអាមេរិកអនុវត្តសេចក្តីប្រកាសនេះនៅទូទាំងប្រទេស ។
ហេតុនេះ ធ្វើឱ្យជនជាតិស្បែកខ្មៅមួយចំនួននៅអាមេរិក គិតថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៤ ខែកក្កដា ពុំមែនជាទិវាឯករាជ្យរបស់ពួកគេទេ ប៉ុន្តែវាជាបុណ្យរបស់ពួកស្បែកសប៉ុណ្ណោះ ។ រីឯជនជាតិស្បែកខ្មៅខ្លះទៀតយល់ឃើញថា ជនជាតិស្បែកខ្មៅដែលចូលរួមអបអរសាទរបុណ្យឯករាជ្យអាមេរិកនាពេលនេះ គួរតែចេះភ្ញាក់រលឹក ។
បើទោះជាអាមេរិកប្រកាសឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ចំនួន១២នាក់ នៅតែប្រើប្រាស់កម្លាំងទាសករស្បែកខ្មៅដោយស្របច្បាប់ ហើយពួកគេបញ្ជាឱ្យជនជាតិស្បែកខ្មៅសាងសង់សេតវិមាន និងអគាររដ្ឋសភា ដែលជានិមិត្តរូបនៃភាពអស្ចារ្យរបស់អាមេរិក ។ ក្រៅពីនេះ បទចម្រៀងជាតិ «The Star-Spangled Banner» ក៏មានខ្លឹមសារជាន់ឈ្លីជាតិសាសន៍ផងដែរ ។ ដូច្នេះ ជនជាតិស្បែកខ្មៅទាំងនេះយល់ឃើញថា ការប្រារព្ធពិធីបុណ្យឯករាជ្យរបស់អាមេរិកហាក់ផ្ទុយនឹងពាក្យថា «សេរីភាព» ។
ទោះជាជនជាតិស្បែកខ្មៅភាគច្រើនពុំចង់ចូលរួមរីករាយជាមួយថ្ងៃបុណ្យឯករាជ្យជាតិរបស់អាមេរិកក្តី ប៉ុន្តែពួកគេនឹងចូលរួមអបអរសាទរ «ថ្ងៃ Juneteenth» ដែលត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ជំនួសវិញ ពីព្រោះវាជាថ្ងៃរំលឹកពីការប្រកាសសេរីភាពរបស់ទាសករស្បែកខ្មៅ និងបញ្ចប់សម័យទាសករនៅអាមេរិក ។ អាមេរិកបានប្រកាសទទួលស្គាល់ថ្ងៃទី១៩ ខែមិថុនា គឺជាថ្ងៃបុណ្យជាតិរបស់អាមេរិកនៅឆ្នាំ២០២១ ក្នុងអំឡុងពេលលោក ចូ បៃឌិន ធ្វើជាប្រធានាធិបតី ៕










