បរទេស៖ ថ្មីៗនេះនាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley សន្យាថាម៉ាកយីហោអាមេរិកនឹងមានរថយន្តអគ្គិសនី “តម្លៃទាប” នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Ford គ្រោងនឹងផលិតរថយន្តអគ្គិសនីតម្លៃទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិន BYD ដោយគេសង្ឃឹមថាម៉ាកយីហោអាមេរិកនឹងដាក់លក់ម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ៣ ម៉ឺនដុល្លារប៉ុណ្ណោះនៅឆ្នាំ ២០២៧។
នាយកប្រតិបត្តិលោក Jim Farley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់ជនជាតិអាមេរិកគួរតែផ្លាស់ប្តូរបន្តិចម្តងៗពីនិន្នាការនៃ “រថយន្តកាន់តែធំ កាន់តែល្អ” ប្រសិនបើប្រទេសទាំងមូលចង់ឆ្ពោះទៅរកអនាគតដែលមានអគ្គិសនីស្អាត និងពណ៌បៃតង។ អ្នកដឹកនាំក្រុមហ៊ុន Ford បានចែករំលែកជាមួយសារព័ត៌មានថា “យើងជាជនជាតិអាមេរិកត្រូវតែគាំទ្រផលិតផលក្នុងស្រុកជាជាងផលិតផលក្រៅស្រុក ដែលនេះគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់សង្គម និងការផ្លាស់ប្តូររថយន្តអគ្គិសនី” ។ 
យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Ford នឹងផ្តោតលើការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីតូចៗ ជាជាងព្យាយាមបំពាក់អគ្គិសនីដល់រថយន្តធំ ព្រោះវាមិនសមស្របនឹងលក្ខខណ្ឌហិរញ្ញវត្ថុទាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ លោកបានមានប្រសាសន៍ថា “ម៉ូដែលរថយន្តអគ្គិសនីយក្សទាំងនោះនឹងមិនទទួលបានប្រាក់ចំណេញច្រើននោះទេ។ 
លើសពីនេះ នាយកប្រតិបត្តិក៏បានបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន Ford មិនចូលរួមក្នុងផ្នែករថយន្តអគ្គិសនីតម្លៃទាបនាពេលខាងមុខនេះទេ ពួកគេអាចនឹងខាតបង់ប្រយោជន៍ច្រើន ដោយសារតែរថយន្តអគ្គិសនីរបស់ចិនកំពុងពង្រីកខ្លួនកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណារថយន្តចិនមួយក្រុមនេះអាចនឹងមានការលំបាកក្នុងការចូលទៅទីផ្សារអាមេរិកខាងជើងដោយសារតែពន្ធនាំចូល ១០០% ប៉ុន្តែពួកគេនៅតែមានថាមពលខ្លាំងក្លា បើធៀបនឹងរថយន្តអគ្គិសនី Ford នាពេលបច្ចុប្បន្ន៕










