ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូបមកកាន់កម្ពុជាវិញជាស្ថាពរហើយ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វត្ថុបុរាណខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan សហរដ្ឋអាមេរិក (MET) មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។ 
វត្ថុបុរាណដ៏សំខាន់មួយ ដែលត្រូវបានគេស្គាល់ថាជា ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួន ខណៈដងខ្លួនបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។
រីឯចម្លាក់ដ៏កម្រ និងជាស្នាដៃល្អឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។
ខណៈ វត្ថុបុរាណខ្មែរមួយទៀតគឺរូបចម្លាក់ទេពស្រី(នាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០គ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ នៅឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមា នេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុត រូបចម្លាក់នាងឧមាអាចផ្តុំជាមួយគ្នាឡើងវិញជារូបបដិមាតែមួយ ពេញលេញ និងល្អវិចិត្រ។ 
ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ដោយលោកជំទាវបណ្ឌិតសភាចារ្យររំពឹងយ៉ាងមុតមាំថា វត្ថុដ៏មានតម្លៃក៏ដូចជាមរតកវប្បធម៌សំខាន់ៗជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិយើងវិញនាពេលអនាគតផងដែរ។
គួរបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET៕











