ព្រៃឈើមិនត្រឹមតែជាដែនជម្រកសត្វព្រៃតូចធំ និងសត្វកម្រជិតផុតពូជស្នាក់អាស្រ័យប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ផងដែរ ដូចជាជួយទាញទឹកភ្លៀងឱ្យធ្លាក់ចុះមកទៀងទាត់គ្រប់គ្រាន់ ធ្វើឱ្យមានអាកាសធាតុល្អ ទប់ស្កាត់ទឹកជំនន់ ផ្តល់ខ្យល់អុកស៊ីហ្សែនបរិសុទ្ធ ក៏ដូចជាផ្តល់ជាម្លប់ត្រជាក់សម្រាប់មនុស្ស សត្វ និងរុក្ខជាតិទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នព្រៃឈើហាក់មានការថយចុះបន្តិចម្តងៗ ដោយសារតែតម្រូវការ កំណើនប្រជាជន រួមទាំងការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងការយកដីសម្រាប់ដំណាំដាំដុះកសិកម្មផងដែរ។ 
ដូច្នេះហើយតើអ្នកដឹងទេថា តំបន់ព្រៃឈើណាដែលមានទំហំធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើង? ចម្លើយនោះគឺនៅប្រទេសកម្ពុជាយើងព្រៃឈើដែលធំជាងគេបំផុតគឺព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៦០០ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន ៤ គឺកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ វាជាតំបន់ព្រៃបៃតងទំនាបចុងក្រោយបង្អស់របស់អាស៊ីអាគ្នេយ៍ ហើយក៏ជាព្រៃបៃតងទំនាបដ៏ធំបំផុតដែលនៅសេសសល់នៅលើឧបទ្វីបឥណ្ឌូចិន ដោយសព្វថ្ងៃមានជនជាតិដើមភាគតិចប្រមាណ ២០០.០០០ នាក់រស់នៅជុំវិញនោះ។ 
ព្រៃឡង់គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជីវិតខាងវិញ្ញាណរបស់ជនជាតិដើមភាគតិច ដោយពួកគេបានពឹងផ្អែកលើវាអស់ជាច្រើនជំនាន់ ដោយប្រមូលជ័រ សម្ភារៈសំណង់ ថ្នាំពេទ្យ និងអាហារពីព្រៃ។ ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់សែននាក់។ ព្រៃនេះក៏ជាព្រៃទាក់ទាញទឹកភ្លៀង មានរុក្ខជាតិច្រើនប្រភេទ ជាជម្រកសត្វច្រើនប្រភេទ និងមានតួនាទីការពារការកើនឡើងកម្តៅផងដែរ។ 
ទោះជាយ៉ាងណាក៏ដោយ ព្រៃឡង់បច្ចុប្បន្នហាក់កំពុងស្ថិតក្រោមការគំរាមកំហែង និងទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីមនុស្សដែលកាប់ឈើខុសច្បាប់។ តាមការប៉ាន់ស្មានថា ឈើជ័រដល់ទៅ ២៥ ម៉ឺនដើមត្រូវបានបាត់បង់ទៅនឹងម៉ាស៊ីនច្រវាក់ ហើយការជីកយករ៉ែខុសច្បាប់ សម្រាប់លោហធាតុមានតម្លៃ និងរ៉ែដែកក៏កំពុងកើនឡើងផងដែរ។ លើសពីនេះសារធាតុគីមីពុលកំពុងត្រូវបានគេបោះចោលទៅក្នុងផ្លូវទឹកព្រៃឡង់ ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអេកូឡូស៊ីដ៏ល្អរបស់តំបន់ និងបង្កគ្រោះថ្នាក់ដល់សហគមន៍ខាងក្រោម៕











