ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋឥណ្ឌារាប់រយនាក់បានមកចូលរួមក្នុងពិធីបុណ្យសាសនាមួយ ប៉ុន្តែនៅសុខៗ ស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងបណ្តាលឱ្យមនុស្សម្នារត់ចេញពីពិធីនេះ ។ ចុងក្រោយ វាបានក្លាយជាហេតុការណ៍សោកនាដក.ម្ម ធ្វើឱ្យមនុស្សស្លា.ប់ ជាង១០០នាក់ ដោយសារការរត់ជាន់គ្នា ។
អាជ្ញាធរឥណ្ឌានិយាយថា ហេតុការណ៍នេះបានកើតឡើងក្នុងពិធីបុណ្យស័ក្តិសិទ្ធិមួយនៅរដ្ឋ Uttar Pradesh គឺអ្នកមកចូលរួមពិធីបុណ្យជាន់គ្នាស្លាប់ ចំនួន១១៦នាក់ ដោយចំនួនអ្នករងរបួស និងអ្នកស្លាប់នឹងកើនឡើងជាបន្តបន្ទាប់ ។ អ្វីគួរឱ្យរន្ធត់ខ្លាំងបំផុតនោះ គឺអ្នកស្លាប់ក្នុងហេតុការណ៍នេះភាគច្រើនជាស្ត្រី ។.jpg)
ពេលមនុស្សម្នាជាច្រើននាក់កំពុងតែចូលរួមស្តាប់ធម៌ទេសនាក្នុងពិធី ស្រាប់តែមានខ្យល់ព្យុះបក់យ៉ាងខ្លាំង និងធ្វើឱ្យអ្នកស្តាប់ធម៌ភ្ញាក់ផ្អើល និងរត់ប្រសាចចេញពីពិធីបុណ្យព្រមៗគ្នា ។ អ្នកចូលរួមស្តាប់ធម៌ទាំងនេះគិតតែពីរត់យករួចខ្លួន និងរត់ជាន់មនុស្សចាស់បណ្តាលឱ្យដួលស្លាប់នៅនឹងកន្លែង រហូតក្លាយជាសោកនាដកម្ម ។
ភ្នាក់ងារសង្គ្រោះបន្ទាន់បានជួយសង្គ្រោះអ្នករងរបួសភ្លាមៗនៅកន្លែងកើតហេតុ និងទំនាក់ទំនងទៅរថយន្តពេទ្យដឹកអ្នករងរបួសទៅមន្ទីរពេទ្យ ។ រីឯសាច់ញាច់សាកសព ផ្សេងទៀតអង្គុយយំតម្រៀបគ្នានៅបរិវេណខាងក្រៅ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើងនេះ ព្រមទាំងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួសម្នាក់ៗចំនួន៦០០ដុល្លារអាមេរិក និងសាច់ញាតិសាកសព ចំនួន២.៤០០ដុល្លារអាមេរិក ។.jpg)
លោក Yogi Adityanat អភិបាលរដ្ឋ Uttar Pradesh បានបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដយ៉ាងលម្អិត ។ រីឯពលរដ្ឋឥណ្ឌាមកចូលរួមពិធីបុណ្យបានចោទប្រកាន់អ្នករៀបចំកម្មវិធីថា គ្មានការរៀបចំគម្រោងឱ្យបានសមរម្យសម្រាប់ទទួលមនុស្សរាប់រយនាក់ពេលអាកាសធាតុក្តៅ ។
គួរបញ្ជាក់ថា ហេតុការណ៍ជាន់គ្នាស្លាប់នៅប្រទេសឥណ្ឌាបានកើតឡើងជាញឹកញាប់ ជាពិសេស ពេលធ្វើពិធីបុណ្យស័ក្តិសិទ្ធិ ដែលមានមនុស្សម្នាជាច្រើននាក់មកចូលរួមពិធី ។ ជាក់ស្តែង កាលពីឆ្នាំ២០១៦ មានហេតុការណ៍ជាន់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបណ្តាលឱ្យមនុស្សស្លាប់ ចំនួន១១២នាក់ ។
ដូចគ្នានេះ កាលពីឆ្នាំ២០១៣ ពលរដ្ឋឥណ្ឌាមកចូលរួមពិធីបុណ្យមួយបានជាន់គ្នាស្លាប់ ចំនួន១១៥នាក់ នៅលើស្ពានក្បែរវត្តមួយកន្លែងនៅរដ្ឋ Madhya Pradesh ។ រីឯនៅឆ្នាំ២០០៨ ក៏មានហេតុការណ៍ជាន់គ្នាស្លាប់ដែរ ក្នុងអំឡុងពេលធ្វើពិធីបុណ្យសាសនានៅវត្តមួយក្នុងទីក្រុង Jodhpur ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ៕










