នៅលើភពផែនដីរបស់យើងនេះគឺមានសត្វរាប់រយលានប្រភេទឯណោះ ដែលពួកវាតែងតែរស់នៅគ្រប់ទិសទី មិនថាកន្លែងណាឬតំបន់ណានោះទេសុទ្ធតែមានសត្វរស់នៅទាំងអស់។ ទោះជាយ៉ាងណាសត្វខ្លះចូលចិត្តរស់នៅជាមួយមនុស្សដូចជា ឆ្កែ ឆ្មា កណ្តុរ កន្លាត…ជាដើម ខណៈខ្លះទៀតចូលចិត្តរស់នៅតែក្នុងព្រៃដូចជា ខ្លា តោ រមាស និងសត្វជាច្រើនទៀត។ ដូច្នេះហើយតើអ្នកដឹងទេថា កន្លែងណាដែលមានសត្វគ្រប់ប្រភេទរស់នៅជាមួយគ្នាច្រើនជាងគេបំផុតលើភពផែនដី?
បើយោងតាម Live Science កន្លែងដែលសត្វគ្រប់ប្រភេទរស់នៅច្រើនជាងគេបំផុតលើភពផែនដី គឺព្រៃអាម៉ាហ្សូនដែលស្ថិតនៅឧបទ្វីបអាមេរិកខាងជើងគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ ៧ លានគីឡូម៉ែត្រការ៉េ។ ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក មានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្មជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើផែនដីទៀតផង។ ព្រៃនេះគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៩ ប្រទេសរួមមានប្រេហ្ស៊ីល, ប៉េរូ, កូឡុំប៊ី, វេណាហ៊្សុយអេឡា, អេក្វាឌ័រ, បូលីវីយ៉ា, ហ្ហ្គុយយ៉ាណា, ស៊ូរីណាមី និងហ្វ្រេនហ្គាណា។
ទោះជាយ៉ាងណា ក្នុងចំណោម ៩ ប្រទេសនោះសត្វដែលរស់នៅច្រើនជាងគេបំផុតគឺនៅទ្វីបអាមេរិកខាងត្បូងក្នុងប្រេស៊ីល នេះបើផ្អែកលើកត្តាជាច្រើន និងការប៉ាន់ស្មានពីសារមន្ទីរ និងទិន្នន័យវិទ្យាសាស្ត្រពលរដ្ឋ។ អ្នកកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថា អាមេរិកខាងត្បូងគឺមានសត្វច្រើនជាងគេ ពីព្រោះព្រៃអាម៉ាហ្សូនគឺមានស្រទាប់ជីវិតសត្វចំនួន ៤ ដល់ជួរភ្នំ Andes ដែលមាន microclimates ផ្សេងៗគ្នារាប់សិប អាមេរិកខាងត្បូងមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសីតុណ្ហភាព និងទីតាំងភូមិសាស្ត្រ ដូច្នេះវាជាទ្វីបដែលមានសត្វគ្រប់ប្រភេទរស់នៅច្រើនជាងគេបំផុតលើភពផែនដី។
លោក Barnabas Daru អ្នកជំនាញបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Stanford បាននិយាយថា អាមេរិកខាងត្បូងមិនត្រឹមតែមានសត្វច្រើននោះទេ ក៏មានរុក្ខជាតិជាច្រើនប្រភេទផងដែរ។ លោកបានបន្តថា រុក្ខជាតិគឺជាបណ្តុំនៃប្រភេទសត្វ ប្រសិនបើកន្លែងមួយមានរុក្ខជាតិចម្រុះជាង នោះសារពាង្គកាយផ្សេងទៀតដែលពឹងផ្អែកលើរុក្ខជាតិនឹងកាន់តែសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះជីវចម្រុះនៅអាមេរិកខាងត្បូងគឺមិនដូចពីមុនឡើយ ដោយសារការកាប់បំផ្លាញព្រៃឈើ ការជីកយករ៉ែបារត និងការប្រែប្រួលអាកាសធាតុ សត្វគ្រប់ប្រភេទនៅអាមេរិកខាងត្បូងសព្វថ្ងៃគឺកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជមិនធ្លាប់មាន៕











