អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) អាចនឹងដាក់ឱ្យដំណើរការហោះហើរនៅក្នុងស្រុកនាបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់”។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។
បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕










