ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងសម្តែងអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅកាន់ តាចេក អ្នកកំប្លែងដែលមានឈ្មោះបោះសំឡេងមួយរូបក្នុងអាជីពបែរជួបប្រទះបញ្ហាជីវភាពឃើញដើរសំលៀងកាំបិតដើម្បីចិញ្ចឹមក្រពះបន្ទាប់ពីផ្អាកសកម្មភាពសិល្បៈ។
តាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះថា «Khheang Chandara » បានបង្ហោះរូបភាពនិងវីដេអូ តាចេក អតីតអ្នកកំប្លែងមួយរូបដោយមានចំណងជើងថា «ខ្ញុំបានជួបលោកអ៊ំ ៤ឆ្នាំមុន លោកអ៊ំលក់ផ្លែឈើនៅភ្នំគីរីរម្យឥឡូវគាត់ដើរសំលៀងកាំបិតតាមផ្ទះគេ គួរតែបងៗខាង សិល្បៈគិតគូរគាត់ផង គាត់ក៏ជាសិល្បៈជើងចាស់មួយរូបដែរ។ ទឹកមុខបង្ហាញពីទុក្ខសូមជួយគាត់ផង គាត់អាយុច្រើនហើយពេលវេលានៅមានតិចណាស់សូមជួយស៊ែរឱ្យបានដល់ ថ្នាក់ដឹកនាំផងដែលជាម្លប់ដល់ត្រជាក់ត្រជុំដល់កូនចៅទាំងអស់គ្នាផង សូមមេត្តាជួយដល់សិល្បករវ័យចាស់ៗផង»។
ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានចែករលែកតៗគ្នាពេញបណ្តាញសង្គមអមដោយសេចក្តីអាណិតអាសូរជាពន់ពេកដែលឃើញអ្នកសិល្បៈជើងចាស់មួយរូបបែរមានសភាពគួរឱ្យអាណិតអាសូរបែបនេះ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមក៏បានស្នើទៅកាន់ប្រធានសមាគមសិល្បករថ្មីជួយទៅដល់សិល្បករចាស់ៗដែលប្រឈមនឹងបញ្ហាជីវភាពដូចនេះផងដែរ។
គួរបញ្ជាក់ថា តាចេក មានឈ្មោះពិតថា ឈុំ ប៊ុនឈឿន មានវ័យ៧០ឆ្នាំជាអតីតតារាកំប្លែងក្នុងក្រុមនាយកុយ ដែលកំពុងមានជីវភាពខ្វះខាតខ្លាំង។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ តាចេក ត្រូវបានគណនីមួយអះអាងជាកូនចេញមកបកអាក្រាតថាឪពុករបស់ខ្លួនចុះចោលផ្ទះលួចលាក់មានស្រីចោលប្រពន្ធ-កូន កម្សត់កម្រជាមួយគ្នា។
នាគ្រានោះ តាចេក ក៏បានចេញមុខបកស្រាយថា ការចុះផ្សាយថាប្រើប្រាស់អំពើហិង្សាលើប្រពន្ធទី២ និងកូនៗ រួមទាំងយកលុយពីសប្បុរជនមកឱ្យស្រីកំណាន់នោះជារឿងមិនពិតជាការចោទប្រកាន់មកកាន់លោក។ ការបកស្រាយរបស់តាចេកនាពេលនោះថាលោកមានថ្មីនោះមិនមែនទេគឺតាចេក បានស្គាល់ប្រពន្ធទី៣បានរយៈពេល៤ឆ្នាំ ដោយក្នុង៤ឆ្នាំនេះគឺ២ឆ្នាំ ដែលតាចេកបានស្គាល់គ្នាអំឡុងពេលលេងភ្លេង៕










