នៅលើពិភពលោកយើងនេះគឺមានប្រជាជនជិត ៨ ពាន់លាននាក់ ហើយឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងលោក បន្ទាប់មកគឺចិន និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាបន្ទាប់ពីឥណ្ឌា ចិន និងអាមេរិក គឺមានកោះតូចមួយនៅអាស៊ីអាគ្នេយ៍យើងដែលត្រូវបានគេចាត់ទុកថា ជាកោះតូចតែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក ដែលកោះនោះមានឈ្មោះថាកោះជ្វា (Java)។ 
កោះជ្វា គឺជាកោះដែលតូចមួយនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំប្រមាណ ១២ ម៉ឺនគីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែមានប្រជាជនរស់នៅរហូតដល់ ១៥៦.៤ លាននាក់ឯណោះ ច្រើនជាងចំនួនប្រជាជនប្រទេសទាំង ៩ នៅតំបន់អាស៊ានយើងទៅទៀត។ ហើយបើធៀបទៅនឹងប្រជាជនរុស្ស៊ីទូទាំងប្រទេស កោះជ្វាគឺមានប្រជាជនច្រើនជាងទ្វេរដង ដែលនេះត្រូវបានគេចាត់ទុកថាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក។
កោះជ្វាជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ីស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះនេះក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង ១៩៤០។ កោះជ្វាគឺមានតំបន់បេតិកភណ្ឌពិភពលោកចំនួនប្រាំបីរបស់អង្គការយូណេស្កូដូចជា ឧទ្យានជាតិ Ujung Kulon, ប្រាសាទ Borobudur, ប្រាសាទ Prambanan, និងតំបន់ Sangiran Early Man Site។ល។
នៅក្នុងប្រទេសឥណ្ឌូនេស៊ីកោះនេះគឺមានប្រជាជនរស់នៅច្រើនជាងគេប្រហែល ៥៦% នៃប្រជាជនសរុបទាំងអស់ ហើយបន្ទាប់ពីកោះជ្វាគឺកោះស៊ូម៉ាត្រា ដែលមានចំនួនប្រជាជនប្រមាណ ៦០ លាននាក់ប្រហែល ២៥% នៃប្រជាជនសរុប ២៧៥ លាននាក់។ នៅអាស៊ាន ប្រទេសដែលមានប្រជាជនច្រើនបន្ទាប់ពីឥណ្ឌូនេស៊ីគឺ ហ្វីលីពីន ដែលមានប្រជាជនចំនួន ១១៦ លាននាក់ ហើយបន្ទាប់មកទៀតគឺវៀតណាម ដែលមានប្រជាជន ៩៨លាននាក់។
គួរបញ្ជាក់ដែរថា កោះជ្វាជាទីតាំងកណ្ដាលរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ចធំៗ និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់។ ភាសាសំខាន់ៗដែលប្រជាជនកោះជ្វានិយាយច្រើនជាងគេគឺ ភាសាជ្វា និងស៊ុនដាន់។ ប្រជាជននេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម ដោយពួកគេមានជំនឿលើសាសនា និងវប្បធម៌ចម្រុះ។ កោះជ្វាត្រូវបានបែងចែកទៅជាខេត្តរដ្ឋបាលចំនួនបួនគឺ Banten, West Java, Central Java និង East Java និងតំបន់ពិសេសពីរគឺ Jakarta និង Yogyakarta៕










