ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថា ហ្វីលីពីនពុំចង់ធ្វើសង្គ្រា.ម ជាមួយប្រទេសណាទេ ហើយហ្វីលីពីននឹងដោះស្រាយបញ្ហាជ.ម្លោះ នៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ។
កាលពីសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៤ កងទ័ពហ្វីលីពីនបានប៉ះទង្គិចគ្នាជាមួយឆ្មាំសមុទ្រចិន ក្នុងអំឡុងពេលកងទ័ពហ្វីលីពីនកំពុងតែជញ្ជូនស្បៀងនៅសមុទ្រចិនខាងត្បូង ។ ហេតុការណ៍នេះបណ្តាលឱ្យកងទ័ពហ្វីលីពីនម្នាក់រងរបួសធ្ងន់ធ្ងរ ហើយនាវាហ្វីលីពីនជាច្រើនគ្រឿងខូចខាត ។
រីឯសារព័ត៌មានវៀតណាមរាយការណ៍ថា កងទ័ពហ្វីលីពីនម្នាក់បានដាច់ម្រាមដៃក្នុងពេលប៉ះទង្គិចគ្នាជាមួយឆ្មាំសមុទ្រចិន ខណៈកងទ័ពហ្វីលីពីនផ្សេងទៀតរងរបួសតិចតួច ។
កងទ័ពហ្វីលីពីននិយាយថា ឆ្មាំសមុទ្រចិនបានគ្រវែងកាំបិតសំដៅមកកាន់នាវាហ្វីលីន និងមានបំណងចោះនាវាហ្វីលីពីន ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃទី២០ ខែមិថុនា ថា ភាគីចិនបានចាត់វិធានការចាំបាច់ផ្សេងៗត្រឹមត្រូវតាមច្បាប់ ហើយពុំគួររិះគន់ចិនទេ ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand ពុំបានបញ្ជាក់អត្តសញ្ញាណឆ្មាំសមុទ្រចិនណាម្នាក់ទេ គ្រាន់តែនិយាយថា ឆ្មាំសមុទ្រចិនបានប្រព្រឹត្តអំពើហិង្សាជាមួយកងទ័ពហ្វីលីពីន ។ លោកបន្តថា ហ្វីលីពីននឹងប្រើប្រាស់សេរីភាព និងសិទ្ធិរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិបន្តទៀត ។ ហ្វីលីពីននឹងពុំប្រើប្រាស់កម្លាំង ឬគំរាមធ្វើឱ្យភាគីម្ខាងទៀតរងរបួស ឬបំផ្លាញបុគ្គលណាទេ ។
ការប្រឈមមុខដាក់គ្នាលើកចុងក្រោយរវាងហ្វីលីពីន និងចិន បានធ្វើឱ្យប្រទេសផ្សេងៗបារម្ភថា សមុទ្រចិនខាងត្បូងនឹងក្លាយជាតំបន់កើតអំពើហិង្សាពុំអាចគ្រប់គ្រងបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។ សហរដ្ឋអាមេរិកបានចេញមុខថ្កោលទោសចិនពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាលើកចុងក្រោយនេះ ហើយអាមេរិកប្រកាសថា នឹងជួយការពារមិត្តហ្វីលីពីនជារបស់ខ្លួន ករណីត្រូវគេវាយលុកនៅសមុទ្រចិនខាងត្បូង ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤ ហ្វីលីពីនលើកឡើងថា នឹងពុំប្រើប្រាស់សិទ្ធិតាមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកទេ ពីព្រោះហេតុការណ៍ប្រឈមដាក់គ្នាលើកចុងក្រោយជាមួយចិន គ្មានការវាយលុកដោយអាវុធទេ ៕










