កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាលមួយថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចិនគឺ BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ខណៈក្រុមហ៊ុនចិនមួយនេះ ក៏ធ្លាប់បានបង្ហាញពីគម្រោងដំឡើងស្ថានីយសាកភ្លើងសម្រាប់ EV ប្រមាណ ២០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជាយើងផងដែរ។
ក្នុងពិធីអបអរសាទរទិវាជាតិនៃសហគ្រាសខ្នាតតូចធំ និងមធ្យម (MSME Day 2024) ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជាយើង។ លោកក៏បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
ដូច្នេះការបើករោងចក្ររថយន្តអគ្គិសនីរបស់ BYD អាចជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសយើងគឺមានរោងចក្រដំឡើងរថយន្តចំនួនប្រាំមួយហើយរួមមាន៖ ក្រុមហ៊ុន Daehan Auto ដែលផលិត Ssangyong; ក្រុមហ៊ុន RMA Automotive ដែលផលិតរថយន្ត Ford, និងក្រុមហ៊ុន Camko Motor ផលិត Hyundai រួមទាំង HGB Motors Assembly ផលិត Kia ក៏ដូចជាក្រុមហ៊ុន GTV Motor ដែលផលិតរថយន្តម៉ាកក្នុងស្រុក GTV; និង Toyota Tsusho Manufacturing (Cambodia) ដែលផលិត Fortuner និង Hilux ផងដែរ។
គួរជម្រាបដែរថា BYD ធ្លាប់បានបើកសាខាតូចៗក្នុងប្រទេសកម្ពុជារួចមកហើយ ដោយបាននាំចូលរថយន្តអគ្គិសនីរបស់ខ្លួនមួយចំនួនមកលក់ក្នុងទីផ្សារកម្ពុជាយើងផងដែរ។ ហេតុនេះចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចូលរថយន្តប្រមាណ ៣៨៥ លានដុល្លារអាមេរិក៕










