ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ ថានសេតតាគីច (thansettakij) រាយការណ៍ថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្រនៅប្រទេសថៃបានបិទទ្វាររហូតដល់៥៦១កន្លែង ជាពិសេស រោងចក្រក្នុងឧស្សាហកម្មដែក និងលោហៈ បិទទ្វារច្រើនជាងគេ ។ ការបិទទ្វាររោងចក្រជាបន្តបន្ទាប់នេះ ពុំមែនទើបតែកើតឡើងនៅឆ្នាំ២០២៤ ទេ គឺរោងចក្រនៅថៃបានបិទទ្វារបន្តកន្ទុយគ្នា តាំងពីឆ្នាំ២០២១ មកម៉្លេះ ។
សហព័ន្ធឧស្សាហកម្មថៃទទួលស្គាល់ថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារបន្ថែមទៀត ហើយសហព័ន្ធនេះបានណែនាំឱ្យរដ្ឋាភិបាលប្រញាប់ស្វែងរកវិធានការដោះស្រាយបន្ថែម ដើម្បីជួយរោងចក្រទាំងនេះ ។ លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ និយាយថា សហព័ន្ធឧស្សាហកម្មថៃបានតាមដានស្ថានការណ៍បិទរោងចក្រជាបន្តបន្ទាប់នៅថៃ ។
យោងតាមទិន្នន័យរបស់នាយកដ្ឋានឧស្សាហកម្មបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា ដល់ខែឧសភា) រោងចក្រនៅថៃបានបិទទ្វារចំនួន៥៦១កន្លែង ហើយធ្វើឱ្យកម្មករបាត់បង់ការងារ ចំនួន១៥.៣៤២នាក់ ឬបាត់បង់ការងារជាមធ្យម ស្មើនឹង៣.០០០នាក់ក្នុង១ខែ ។ រីឯរោងចក្របិទទ្វារច្រើនបំផុត គឺរោងចក្រក្នុងឧស្សាហកម្មផ្លាស្ទិក ចំនួន១២, ឧស្សាហកម្មលោហៈ ចំនួន១១ និងឧស្សាហកម្មឈើ ចំនួន៨ ។
លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបារម្ភថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារកាន់តែច្រើនថែមទៀត ។ ហេតុនេះ រដ្ឋាភិបាលគួរតែប្រញាប់ស្វែងរកវិធានការជួយសហគ្រិន ហើយសហគ្រិនខ្លួនឯងក៏ត្រូវប្រញាប់សម្របខ្លួន និងគ្រប់គ្រងកាត់បន្ថយការចំណាយផងដែរ ។
រយៈពេល២ឆ្នាំកន្លងមក ទំនិញមានតម្លៃថោកៗបានចូលមកលុកលុយក្នុងទីផ្សារថៃ និងធ្វើឱ្យមានការប្រកួតប្រជែងខ្ពស់ ។ រីឯសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទច្រកពាណិជ្ជកម្មទាំងអស់ពីចិន ប៉ុន្តែចិននៅតែពុំព្រមកាត់បន្ថយការផលិតទំនិញ ។ ដូច្នេះ ទំនិញចិនទាំងនេះត្រូវបានបញ្ជូនមកលក់នៅថៃជំនួស ទើបធ្វើឱ្យថៃពិបាកប្រកួតប្រជែង ។
បើតាមទិន្នន័យបង្ហាញថា រោងចក្រនៅថៃបានបិទទ្វារជារៀងរាល់ឆ្នាំ ដូចជា ៖
-នៅឆ្នាំ២០២១ រោងចក្របិទទ្វារ ចំនួន ៦៧៨កន្លែង
-នៅឆ្នាំ២០២២ រោងចក្របិទទ្វារ ចំនួន ៩៩៧កន្លែង
-នៅឆ្នាំ២០២៣ រោងចក្របិទទ្វារ ចំនួន ១.៣៣៧កន្លែង កើនឡើង៦០% បើធៀបនឹងឆ្នាំ២០២២
-រយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្របិទទ្វារ ចំនួន ៥៦១កន្លែង ។
លោក ណាវ៉ា ចាន់ថាណាក់ស៊ូរ៉ាឃុន មន្ត្រីសហព័ន្ធឧស្សាហកម្មថៃនិយាយថា លោកព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន ហើយវានឹងធ្វើឱ្យរោងចក្រនៅថៃបន្តបិទទ្វារបន្ថែមទៀត ឬបិទដំណើរការច្រើនជាង២ឆ្នាំមុន ដោយសារសង្គ្រាមពាណិជ្ជកម្មដែលអាមេរិក និងសហភាពអឺរ៉ុបនាំគ្នាប្រឆាំងជាមួយចិន ។
លើសពីនេះ ការផលិតទំនិញរបស់ចិននៅតែស្មើដើម ទើបធ្វើឱ្យទំនិញចិនមានតម្លៃថោកៗហូរចូលមកតំបន់អាស៊ាន រហូតដល់ឧស្សាហកម្មក្នុងប្រទេសអាស៊ានត្រូវកាត់បន្ថយការផលិតទំនិញ ដោយសារឧស្សាហកម្មទាំងនេះបានចំណាយដើមទុនខ្ពស់ជាងចិន ៕










