ប្រទេសចិន ៖ ស្ពាន Haoji មានប្រវែងសរុបស្មើនឹង១.៨១៣គីឡូម៉ែត្រ ហើយត្រូវបានគេចាត់ទុកថា វាជាស្ពានផ្លូវរថភ្លើងវែងបំផុតនៅលើពិភពលោក ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនធ្យូងថ្មពីភាគខាងជើងទៅភាគខាងត្បូងប្រទេសចិន ។ ស្ពានផ្លូវរថភ្លើងនេះបានចាប់ផ្តើមបើកដំណើរការដំបូង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ។
ចំណែកការចំណាយប្រាក់សម្រាប់សាងសង់ស្ពានដ៏វែងនេះ គឺស្មើប្រមាណ២៨ពាន់លានដុល្លារអាមេរិក ។ គេសាងសង់ស្ពាននេះឡើង គឺទុកសម្រាប់ដឹកជញ្ជូនធ្យូងថ្ម ចំនួន២០០លានតោន ពីតំបន់ម៉ុងហ្គោលីខាងក្នុង និងសានស៊ី មកកាន់បណ្តាខេត្តនៅភាគខាងត្បូងប្រទេសចិន ។
ក្រៅពីនេះ វាជាស្ពានផ្លូវរថភ្លើងសម្រាប់ដឹកជញ្ជូនធ្យូងថ្មឆ្លងកាត់ពីភាគខាងជើងទៅភាគខាងត្បូងដំបូងគេនៅចិនផងដែរ ។ ការសាងសង់ស្ពានផ្លូវរថភ្លើងនេះ ក្នុងគោលបំណងចៀសវាងការដឹកជញ្ជូនធ្យូងថ្មតាមផ្លូវរថភ្លើងចាស់ៗ ដែលត្រូវឆ្លងកាត់ទីក្រុងឆ្នេរសមុទ្រតាមនាវា ។
ការដឹកជញ្ជូនធ្យូងថ្មតាមស្ពានខាងលើបានជួយកាត់បន្ថយពេលវេលានៅសល់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ខណៈការដឹកជញ្ជូនធ្យូងថ្មតាមសមុទ្របានចំណាយពេលរហូតដល់២០ថ្ងៃ ។ លើសពីនេះ ស្ពានផ្លូវរថភ្លើងក៏បានតភ្ជាប់ជាមួយបណ្តាញផ្លូវរថភ្លើងជាច្រើនតំបន់ទៀត ដើម្បីងាយស្រួលថែទាំផ្លូវរថភ្លើងរួមគ្នា ។ រីឯល្បឿនដែលប្រើប្រាស់សម្រាប់ស្ពានផ្លូវរថភ្លើង គឺស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។
ស្ពានផ្លូវរថភ្លើងនេះបានដំណើរការដោយក្រុមហ៊ុន China Railway និងទទួលបានការអនុម័តវិនិយោគកាលពីឆ្នាំ២០១៤ ក្នុងទឹកប្រាក់ចំនួន២៧ពាន់លានដុល្លារអាមេរិក ។ រីឯទឹកប្រាក់វិនិយោគផ្សេងទៀត គឺជារបស់ក្រុមហ៊ុន China Railway និងក្រុមហ៊ុនរុករកធ្យូងថ្មធំៗជាច្រើន ។
គេចាត់ទុកថា វាជាភាពជោគជ័យ និងជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់ប្រទេសចិន ក្នុងផ្នែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពល ៕










