ខ្សែភាពយន្តខ្មែរខ្នាតធំ រឿង«ប្រវត្តិស្នេហ៍នាងនាថ» ក្រោមផលិតកម្ម LD Entertainment ដែលទើបតែបញ្ចេញ Trailer ក្តៅៗកាលពីពេលថ្មីៗនេះគឺឃើញថា មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលនៅក្នុងចំណោមជនជាតិខ្មែរ។ យ៉ាងណាមិញ បើក្រឡេកទៅកាន់ជា.តិសាស.ន៍ថៃវិញ ហាក់សម្តែងនូវការមិនពេញចិត្ត ចំពោះខ្សែភាពយន្តខ្មែរបុរាណមួយនេះទេ រហូតដល់មានសារព័ត៌មានចុះផ្សាយជាហូរហែរ ថាខ្មែរបានច.ម្ល.ងភាពយន្តរបស់ខ្លួន។
យោងតាមប្រភពសារព័ត៌មានថៃ ដែលមានឈ្មោះថា Top News Online កាលពីថ្ងៃទី២២ ខែមិថុនានេះ គឺបានចុះផ្សាយអំពីភាពយន្តខ្មែរ រឿងប្រវត្តិស្នេហ៍នាងនាថ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ដូចអីក៏ដូចយ៉ាងនេះ អ្នកលេងបណ្តាញសង្គមថៃរិះគន់ថា ចម្លងតាំងពីសម្លៀកបំពាក់និងមិត្តភក្តិរបស់តួប្រុស»។ 
ជាការឆ្លើយតប លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD ដែលផលិតខ្សែភាពយន្តនេះក៏បានលើកឡើងថា «សារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លងឬក៏ដូច រឿងខ្ញុំជាប្រភេទរឿងស្នេហាកំប្លែងអត់មានខ្មោចទេ។ ម៉េចថាដូចឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌អរិយធម៌និងសារអប់រំ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជា ម៉េចបានថាដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯងទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផង»។
គួរបញ្ជាក់ថា “ប្រវត្ដិស្នេហ៍នាងនាថ” គឺជាខ្សែភាពយន្ដបែបប្រឌិត បង្កប់ឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍នាសម័យក្រោយអង្គរ នឹងត្រូវផលិតជា ៣វគ្គ គឺវគ្គទី១ បង្ហាញពីស្នេហាយុវវ័យក្រោយសម័យអង្គរ វគ្គទី២ បង្ហាញពីជីវិតគូ ប្រៀបដូចជា ជើងមេឃពណ៌ស្វាយ និងវគ្គទី៣ បង្ហាញពីសាច់រឿងខ្មោចចិញ្ចឹមកូនមនុស្ស។ 
ភាពយន្តមួយនេះ ហាក់ទទួលបាននូវប្រជាប្រិយនិងជាការទន្ទឹងរងចាំខ្លាំងបំផុតក្នុងចំណោមទស្សនិកជន ព្រោះតែរួមសម្តែងពីតារាប្រុសភូមា គឺ លោក Paing Takhorn រីឯតួឯកស្រីគឺស្រីស្អាតកូនកាត់ខ្មែរ- បារាំង កញ្ញា Mélia Constantin ក៏ដូចជាលេចវត្តមានតារាល្បីៗរបស់កម្ពុជាជាច្រើនរូបទៀត រួមមាន លោកទេព រិន្ទដារ៉ូ លោកងួន សុបិន្ត លោកជា សុវណ្ណ នរាហ៍ ឌីជេ កាកាជាដើម៕










