តារាចម្រៀង លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ បានទម្លាយរឿងក្នុងចិត្តនៃការប្រឡូកអាជីពសិល្បៈដែលត្រូវប្រឈមមុខនឹងការរិះគន់គ្រប់សារពើ មិនថាធ្វើខ្លួនយ៉ាងណាក៏មិនអាចផ្គាប់ចិត្តបានគ្រប់គ្នា។ អ្នកថាចាំតែថាមិនចេះខុស អ្នកធ្វើខំប្រឹងឥតស្រាកស្រាន្តនៅតែមានកំហុស អ្នកពូកែទ្រាំអាចបន្តបានល្អ អ្នកមិនសូវពូកែទ្រាំក៏បាក់ទឹកចិត្តបោះបង់ចោល។
ជឿជាក់ថាទស្សនិកជនមួយចំនួនធំស្គាល់មកហើយពីតារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងមានការគាំទ្រភ្លូកទឹកភ្លូកដី។ តារាចម្រៀងរូបនេះជារឿយៗតែងតែលើកឡើងពីបញ្ហាសង្គម និងការចេញមុខរិះគន់ដើម្បីស្ថាបនាផ្សេងៗ។ ថ្មីៗនេះ តិចម៉េង ក៏បានលើកឡើងពីបញ្ហាអ្នកសិល្បៈដែលតែងជួបនូវការរិះគន់គ្រប់សារពើ មិនថាធ្វើអីក៏ដោយមិនអាចផ្គាប់ចិត្តមហាជនបាន។
លីម តិចម៉េង បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២១ មិថុនា ថា «ពេលនៅស្ងៀមគេថារកតែសុខ ពេលចូលរួមនិយាយគេថាតាប៉ែ ពេលច្រៀងបទខ្លួនឯងគេថាដូចអាចម៍ ពេល cover បទដែលខ្លួនស្រលាញ់គេថាច្រៀងតែបទគេ ពេលធ្វើខ្លួនសាមញ្ញគេថាអន់ ពេលធ្វើខ្លួនឱ្យត្រូវជាតារាគេថាភ្លេចកំណើត ពេលចេញចម្រៀងគេថាចេះតែច្រៀង
ពេលចេញចម្រៀងរ៉េបគេថាខុសតួនាទី ពេលចូលរួមសម្តែងគេថាមិនកើតទេឈប់សម្តែងទៅ ពេលមិនសូវបានសម្តែងគេថាអ្នកចម្រៀងចេះតែច្រៀង ពេលមិនតបគេថាមកពីគេនិយាយត្រូវ ពេលតបគេថាមិនចេះនៅស្ងៀមជាមនុស្សមហាជន»។
តិចម៉េង បានបន្ថែមទៀតថា «ហេតុអ្វីបានជារឿងទាំងអស់នេះតែងតែកើតមានចំពោះអ្នកសិល្បៈ អ្នកថាចាំតែថាមិនចេះខុស អ្នកធ្វើខំប្រឹងឥតស្រាកស្រាន្តនៅតែមានកំហុស អ្នកពូកែទ្រាំអាចបន្តបានល្អ អ្នកមិនសូវពូកែទ្រាំក៏បាក់ទឹកចិត្តបោះបង់ចោល»។
មិនខុសពីការលើកឡើងរបស់ លីម តិចម៉េង ប៉ុន្មានដែលរងនូវការរិះគន់ពីសាធារណជនគ្រប់រូបភាពមិនថាធ្វើអ្វីនោះទេ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បេក្ខភាព Top4នៅក្នុងការប្រកួតជំនាន់ជាមួយគ្នាលោកក៏បានចែករំលែកខ្លឹមសារម្ចាស់ពានខាងលើអមដោយសម្តីដែរថា «ឆ្លងកាត់ខ្ទេចអស់គ្មានសល់ មិនទាន់អស់ទេ ទៅរៀនបន្តនៅវៀតណាម ថាយើងយួន
យើងរៀបចំខ្លួនស្អាតបាត ថាយើងបង្ហាញសម្រស់ មិនរៀបចំខ្លួន ថាយើងមិនចេះធ្វើខ្លួន
ច្រៀងមានកាយវិការ ថាយើងជឿជាក់ ច្រៀងអត់កាយវិការ ថាយើងច្រៀងឈរស្ងៀម លេងសើច ថាយើងបំពុលសង្គម មិនលេងសើច ថាមិនល្អមើល រស់ឱ្យត្រូវមនសិការ ..ទង្វើត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ ពេញចិត្តនឹងអ្វីដែលខ្លួនឯងកំពុងតែធ្វើ គឺគ្រប់គ្រាន់ហើយ»។
ការលើកឡើងរបស់តារាចម្រៀងទាំងពីររូបនៅក្នុងផលិតកម្មរស្មីហង្សមាសនេះដែរ អ្នកគាំទ្រក៏បានចូលទៅខម្មិនលើកទឹកចិត្តថាកុំឱ្យខ្វល់សម្តីទាំងនោះខំប្រឹងធ្វើឱ្យតែល្អបានហើយព្រោះមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សមួយលាននាក់បានទេ៕










