ក្នុងនាមជាទ្វីបធំជាងគេ និងមានប្រជាជនច្រើនជាងគេ អាស៊ីគឺមានទីក្រុងជាច្រើនដែលមានលក្ខណៈចម្រុះគួរឱ្យចាប់អារម្មណ៍ ដែលទីក្រុងនីមួយៗផ្តល់នូវបរិយាកាស វប្បធម៌ និងទំនៀមទម្លាប់ខុសៗគ្នា ដោយធានាថារាល់ការទស្សនាគឺជាបទពិសោធន៍ថ្មីជានិច្ច។ យោងតាមគេហទំព័របរទេស Odynovo Tours ដែលបានចេញផ្សាយកាលពីថ្មីៗនេះថា ខេត្តសៀមរាប ដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា គឺបានជាប់ចំណាត់ថ្នាក់លេខ ៥ ជាទីក្រុងល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤។ 
ក្នុងនោះចំណាត់ថ្នាក់លេខមួយ បានទៅលើទីក្រុងតូក្យូ និងពីរបានទៅលើទីក្រុងក្យូតូប្រទេសជប៉ុន ហើយចំណែកចំណាត់ថ្នាក់លេខបីវិញគឺបានទៅលើ ទីក្រុងបាងកក និងលេខបួនបានទៅលើខេត្តឈៀងម៉ៃ ប្រទេសថៃ។ យោងតាមគេហទំព័រនេះ ទីក្រុងល្អបំផុតគឺផ្តោតទៅលើកន្លែងប្រវត្តិសាស្ត្រ ភាពល្បីល្បាញនៃសិល្បៈវប្បធម៌ ជីវិតពេលរាត្រីដ៏រស់រវើក ភោជនីយដ្ឋានល្អ អាហារឆ្ងាញ់ៗ និងជាច្រើនទៀត។ ជាការពិតណាស់ ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណជាច្រើនផ្សេងទៀតបង្កប់ដោយប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ។ 
ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ នៅក្បែរក្រុងសៀមរាបមានរមណីយដ្ឋានផ្សេងទៀតដូចជារាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។
គួរបញ្ជាក់ដែរថា ខេត្តសៀមរាបគឺជាខេត្តធំជាងគេទី ១០ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅជិត ១៤ ម៉ឺននាក់។ ខេត្តនេះក៏ជាប់ចំណាត់ថ្នាក់ជាខេត្តមានស្រីស្អាតប្រុសស្អាតច្រើនជាងគេផងដែរ។ ខេត្តសៀមរាបមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន ខេត្តនេះក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាទីតាំងនៃប្រាសាទអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ហើយក៏ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជា ប្រាសាទបន្ទាយស្រី ទីតាំងនៃប្រាសាទបេងមាលារបស់អង្គការយូណេស្កូ និងជាទីជម្រករបស់អង្គការយូណេស្កូនៃឧទ្យានជាតិភ្នំគូលែន៕











