ខ្សែភាពយន្តខ្មែរខ្នាតធំរឿង«បណ្តា.សារនាងរាត្រី» របស់ផលិតកម្ម LD Entertainment កំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជននៅកោះតៃវ៉ាន់ រកចំណូលបានជាង ១.០០០.០០០លានដុល្លារតៃវ៉ាន់ ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក នៅត្រឹមបើកក្បាលសប្តាហ៍ប៉ុណ្ណោះ។

រឿង«បណ្តាសារនាងរាត្រី» ទទួលបានភាពលេចធ្លោទាំងក្នុងនិងក្រៅប្រទេស ខណៈរួមសម្តែងពីព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តម ចេនណា, ជាមួយនឹងកញ្ញាស៊ី យូប៊ីន ,កញ្ញា Tharoth Sam ,តារាសម្តែងភូមាគឺលោក Paing Takhon រួមទាំងតារាខ្មែរជាច្រើនដួងទៀត។
ខណៈដែលសាច់រឿងនៃរឿងខ្មែរនិពន្ធមួយនេះគឺពិពណ៌នាកាលពីអំឡុងឆ្នាំ ១៩៨៣ ស្ថិតនៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ដែលមាននាងរាត្រីជាគ្រូពិការភ្នែកចាំនៅមើលថែក្មេងៗចំនួន៧នាក់នៅក្នុងបន្ទុក។ ទោះជាយ៉ាងណា ការចោទប្រកាន់ដែលមិនអាចប្រកែកបានមួយក៏បានកើតទៅលើនាងរាត្រី ទើបនាំឲ្យអ្នកស្រុកយកនាងទៅដុតទាំងរស់។ ព្រលឹងរបស់នាងរាត្រីក៏ស្ថិតនៅតែលតោល លងបន្លាចពេញអគារកុមារកំព្រា ខណៈដែលអគារទាំងមូលក៏ជាប់បណ្តាសារដោយព្រលឹងខ្មោច ហើយសោកនាដកម្មក៏បានកើតឡើងជាបន្តបន្ទាប់។
តាមរយៈសាច់រឿងបែបរន្ធត់ព្រឺព្រួច ការដឹកនាំសម្តែងល្អ បច្ចេកទេសថត Perfect តួអង្គសម្តែងទៀតសោតក៏សមតង់គ្នាល្អបែបនេះ ក៏បានអង្រួនបេះដូងមហាជនគ្រប់ៗរូបទាំងខ្មែរនិងជនបរទេសកោតសរសើរររឿងស្នាដៃខ្មែរនិពន្ធមួយនេះមិនដាច់ពីមាត់គ្រប់ៗគ្នា។
យ៉ាងណាមិញ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមគេហទំព័របរទេសមួយដែលមានឈ្មោះថា Cai Chang Asia គឺបានចុះផ្សាយថា «អបអរសាទរ! រឿងបណ្តាសារនាងរាត្រី រកចំណូលបានជាងមួយលានដុល្លារតៃវ៉ាន់ និងបានក្លាយទៅជាភាពយន្តខ្មែរទី១ ដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់។ ភាពយន្តនេះនៅតែកំពុងបន្តចាក់បញ្ចាំងក្នុងប្រទេសតៃវ៉ាន់»។

ជាមួយគ្នានោះ ប្រជាជនខ្មែរគ្រប់ៗរូបក៏បានចូលទៅបញ្ចេញមតិយ៉ាងពេញចិត្តនិងថ្លែងអំណរគុណជនជាតិតៃរ៉ាន់ជាពិសេស ដែលបានគាំទ្រនិងទទួលស្គាល់ស្នាដៃខ្មែរនិពន្ធមួយនេះ រហូតទទួលបានសមិទ្ធិផលដ៏អស្ចារ្យមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកុនខ្មែរផងដែរ៕










