សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទប្រកាសប្រើប្រាស់ភាសាវៀតណាមជាភាសាផ្លូវការនៅទីក្រុងសេនហ្វ្រេនស៊ីស្កូ និងមានសេវាកម្មបកប្រែភាសាផងដែរ ។ ការប្រកាសនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋវៀតណាមរស់នៅក្នុងទីក្រុង ស្មើជាង៦.០០០នាក់ ។
កាសែតអាមេរិកឈ្មោះ The San Francisco Chronicle រាយការណ៍ថា ការសម្រេចចិត្តដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការនេះ គឺដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចទទួលយកសេវាកម្មផ្សេងៗរបស់រដ្ឋាភិបាលអាមេរិក ។ ក្រៅពីនេះ អាជ្ញាធរទីក្រុងសេនហ្វ្រេនស៊ីស្កូ នឹងត្រូវបកប្រែសេចក្តីប្រកាសរបស់រដ្ឋាភិបាលទៅជាភាសាវៀតណាមផងដែរ ។
ការបកប្រែសេចក្តីប្រកាសជាភាសាវៀតណាមនេះ គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់សហគមន៍ជនជាតិវៀតណាមរស់នៅទីនេះ ដូចគ្នានឹងភាសាចិន, អេស្ប៉ាញ និងហ្វីលីពីន ហើយមនុស្សគ្រប់គ្នាអាចទទួលយកសេវាកម្មផ្សេងៗ តាមរយៈការអានភាសារបស់ខ្លួន ។
យោងតាមទិន្នន័យផ្នែកភាសារបស់ទីក្រុងសេនហ្វ្រេនស៊ីស្កូបង្ហាញថា មានអ្នករស់នៅទីក្រុងសេនហ្វ្រេនស៊ីស្កូ ប្រមាណ៦.៨០០នាក់ និយាយភាសាវៀតណាមជាភាសាទី១ ទើបធ្វើឱ្យសេវាកម្មផ្សេងៗក្នុងទីក្រុងនេះត្រូវបកប្រែពីភាសាអង់គ្លេសទៅជាភាសាវៀតណាម ដូចជា ៖ ការបកប្រែខ្លឹមសារក្នុងគេហទំព័រ និងការជូនដំណឹងផ្សេងៗរបស់រដ្ឋាភិបាល ។
កាលពីឆ្នាំ២០២៣ លោក Shamann Walton ជាមន្ត្រីគណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ ធ្លាប់បានស្នើឱ្យដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការក្នុងតំបន់ចំនួន១០ ដោយសារលោកយល់ឃើញថា ទីក្រុងនេះត្រូវបន្ថែមភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស ដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចចូលរួមក្នុងសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាល ។
គួរបញ្ជាក់ថា ទីក្រុងសេនហ្វ្រេនស៊ីស្កូសម្បូរទៅដោយសហគមន៍ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍រស់នៅ ។ ហេតុនេះ ទើបសេវាកម្មផ្សេងៗក្នុងទីក្រុងនេះបានបកប្រែពីភាសាអង់គ្លេសទៅជាភាសារបស់ជនអន្តោប្រវេសន៍ ៕










