ប្រទេសណាមីប៊ី ៖ បើគេធ្វើដំណើរទៅដល់វាលខ្សាច់ Namib ប្រទេសណាមីប៊ី (Namibia ស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក) គេនឹងបានឃើញស្នាមរង្វង់មូលជាច្រើននៅពាសពេញវាលខ្សាច់នេះ ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា តើរង្វង់មូលទាំងនេះកើតឡើងដោយរបៀបណា ឬអ្នកណាជាអ្នកបង្កើតវាឡើង?
ចំណែកមូលហេតុធ្វើឱ្យវាលខ្សាច់នេះមានស្នាមរង្វង់មូល គឺមានមតិលើកឡើងខុសៗគ្នា ដូចជា ៖ វាជាស្នាដៃរបស់មនុស្សក្រៅភព, កើតឡើងដោយសារផ្កាយធ្លាក់ពីលើមេឃ, នាគភ្លើង ឬទេវតាចុះមករាំរបាំជារង្វង់មូល ជាដើម ខណៈអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវរាប់សិបឆ្នាំ អំពីមូលហេតុបង្កើតរង្វង់មូលនេះ ប៉ុន្តែនៅតែរកពុំឃើញ ។ ម្យ៉ាងទៀត រង្វង់មូលដ៏អាថ៌កំបាំងនេះកើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក គឺនៅវាលខ្សាច់ប្រទេសណាមីប៊ី និងប្រទេសអូស្ត្រាលី ។
រង្វង់មូលខាងលើឈ្មោះថា «Fairy Circles» ឬ «ចិញ្ចៀនទេវតា» គឺជាបាតុភូតធម្មជាតិគួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅលើវាលខ្សាច់ប្រទេសណាមីប៊ី យ៉ាងអាថ៌កំបាំង ។ រង្វង់មូលទាំងអស់សុទ្ធតែមានអង្កត់ផ្ចិតតូច-ធំស្ថិតនៅផ្នែកខាងក្នុង ដែលមានទំហំចាប់ពី២ម៉ែត្រ រហូតដល់១៥ម៉ែត្រ ។
បើគេពិនិត្យមើលក្បែរៗរង្វង់មូលនឹងឃើញថា វាមានស្មៅដុះព័ទ្ធជុំវិញ ខណៈសណ្ឋានដីផ្នែកខាងក្នុងរង្វង់មូលមានសភាពរាំងស្ងួត និងគ្មានស្មៅដុះក្នុងនោះទេ ។ គេសន្និដ្ឋានថា រង្វង់មូលអាថ៌កំបាំងទាំងនេះកើតឡើងនៅតំបន់រាំងស្ងួតតែប៉ុណ្ណោះ ដូចជា ៖ នៅលើវាលខ្សាច់ Namib ប្រទេសណាមីប៊ី ។ ប៉ុន្តែកាលពីឆ្នាំ២០១៤ មានសេចក្តីរាយការណ៍ថា បានប្រទះឃើញរង្វង់មូល Fairy Circles នៅក្រៅទ្វីបអាហ្វ្រិកជាលើកដំបូង គឺនៅជិតទីក្រុង Newman ប្រទេសអូស្ត្រាលី ។
លោក Stefan Getsin អ្នកបរិស្ថានមកពីសាកលវិទ្យាល័យ Gottingen ប្រទេសអាល្លឺម៉ង់ បានស្រាវជ្រាវពីរង្វង់មូលកើតលើខ្សាច់នេះតាំងពីឆ្នាំ២០០០ និយាយថា ការលើកឡើងថា សត្វកណ្តៀរស៊ីឫសស្មៅនោះ មិនមែនជាការពិតទេ ព្រោះបើតាមការស្រាវជ្រាវពីឫសស្មៅ គឺគ្មានស្នាមកណ្តៀរស៊ីទេ ។ ប៉ុន្តែរង្វង់មូលកើតឡើងដោយសារនៅលើខ្សាច់គ្មានទឹកគ្រប់គ្រាន់សម្រាប់ឱ្យស្មៅដុះ ។
លោកបន្តថា ៖ «នាថ្ងៃអនាគត យើងនឹងប្រឈមជាមួយគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ហើយរុក្ខជាតិត្រូវតែសម្របខ្លួនជាមួយការខ្វះខាតទឹកធ្ងន់ធ្ងរ ។ ដូច្នេះ រង្វង់មូលនៅលើវាលខ្សាច់ គឺជាគំរូនៃការស្តុកទឹកសម្រាប់រុក្ខជាតិក្នុងតំបន់នេះ» ។
សំណួរសួរថា តើរង្វង់មូល Fairy Circles កើតឡើងដោយរបៀបណានោះ គឺគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបកស្រាយបានទេ រហូតមកដល់បច្ចុប្បន្ន ។ ចំណុចគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺហេតុអ្វីបានជារង្វង់មូលកើតឡើងតែ២កន្លែងប៉ុណ្ណោះនៅលើពិភពលោក? ហើយតើកន្លែងទាំងពីរនេះពាក់ព័ន្ធគ្នាដូចម្តេច? ហេតុនេះ អ្វីៗគ្រប់យ៉ាងនៅតែជាអាថ៌កំបាំង ៕










