សហរដ្ឋអាមេរិក៖ ថ្មីៗនេះមហាសេដ្ឋីរបស់ពិភពលោក Elon Musk បាននិយាយថា ខ្លួននឹងសហការជាមួយ Samsung ដើម្បីផលិតទូរស័ព្ទដំបូងបង្អស់របស់ខ្លួនដែលមានឈ្មោះថា X” ក្នុងពេលឆាប់ៗនេះ។
យោងតាម Business Insider ការគ្រោងបង្កើតស្មាតហ្វូនដំបូងរបស់ខ្លួនភា្លមៗបែបនេះ គឺបានកើតឡើងនៅពេល Musk បានរិះគន់ Apple ចំពោះការនាំយកគំរូ AI របស់ OpenAI ទៅកាន់ iPhones, iPads, និង Macs… ដោយមហាសេដ្ឋីរូបនេះបាននិយាយថា Apple នឹង “មិនដឹងថាមានអ្វីកើតឡើងនៅពេលដែលប្រគល់ទិន្នន័យឱ្យទៅ OpenAI” កាន់កាប់នោះទេ។ 
Musk បាននិយាយថា “ប្រសិនបើ OpenAI ត្រូវបានរួមបញ្ចូលនៅកម្រិតប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ Apple នោះផលិតទាំងអស់របស់ក្រុមហ៊ុននេះនឹងត្រូវបានហាមឃាត់នៅក្នុងក្រុមហ៊ុនរបស់លោក ដោយសារវាគឺជាការរំលោភលើសុវត្ថិភាពរបស់ក្រុមហ៊ុនលោកដែលមិនអាចទទួលយកបាន។ នេះមិនមែនជាលើកទីមួយទេដែល Musk បានលើកឡើងអំពីការបង្កើតទូរស័ព្ទថ្មីនេះ។ នៅឆ្នាំ ២០២២ នៅពេលដែល Apple គំរាមដកកម្មវិធី Twitter ចេញពី App Store លោកក៏បាននិយាយផងដែរថា លោកនឹងបង្កើតគំរូស្មាតហ្វូនដើម្បីប្រកួតប្រជែងជាមួយ iPhone ។ 
យោងតាម Business Insider ប្រសិនបើ Musk ផលិតស្មាតហ្វូនថ្មីរបស់ខ្លួនដោយដាក់ឈ្មោះឧបករណ៍ថា X គឺមិនគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងណាមហាសេដ្ឋីរូបនេះគឺមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះអក្សរ X។ នៅឆ្នាំ ១៩៩៩ លោកបានបង្កើតក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុនិងការទូទាត់ X.com ហើយបន្ទាប់មកនៅឆ្នាំ ២០០២ លោកក៏បានបន្តបើកក្រុមហ៊ុនអវកាស SpaceX ។ 
នៅចុងឆ្នាំ ២០២២ បន្ទាប់ពីបានកាន់កាប់ Twitter នៅពេលនោះលោកក៏បានបើកដំណើរការ X Corp ហើយបន្ទាប់មកបានប្តូរឈ្មោះបណ្តាញសង្គម Twitter ទៅជា X។ ហើយនៅដើមខែកក្កដា ឆ្នាំ ២០២៣ Musk ក៏បានប្រកាសក្រុមហ៊ុន xAI ជាមួយនឹងមហិច្ឆតាក្នុងការអភិវឌ្ឍន៍ជម្រើសជំនួស ChatGPT ទៀតផង៕










