ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាទៅកាន់ក្រសួងហិរញ្ញវត្ថុឱ្យធ្វើការរឹតបន្តឹង និងតាមដានអ្នកមានឥទ្ធិពលទាំងអស់នៅក្នុងប្រទេស ។
ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏ត្រូវតាមដាន និងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គមផ្សេងៗផងដែរ ជាពិសេស ផ្តោតលើអ្នកមានប្រាក់ចំណូលស្មើនឹង១០០លានដុងក្នុង១ឆ្នាំ (ឬស្មើជិត៤ពាន់ដុល្លារអាមេរិក) ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញទាំងអស់ ដែលរកប្រាក់ចំណូលបានជិត៤ពាន់ដុល្លារអាមេរិកក្នុង១ឆ្នាំ ពួកគេនឹងត្រូវបង់ពន្ធឱ្យរដ្ឋ ស្របតាមច្បាប់ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម ។
លើសពីនេះ ក្រៅពីតម្រូវឱ្យអ្នកលក់ផលិតផលអនឡាញទាំងអស់បង់ពន្ធឱ្យរដ្ឋហើយ អ្នកផលិតមាតិកាយ៉ាងច្រើននៅប្រទេសវៀតណាម ក៏ត្រូវបានរដ្ឋាភិបាលស្នើឱ្យពួកគេបង់ពន្ធឱ្យរដ្ឋដូចគ្នាដែរ ។
នាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា រដ្ឋាភិបាលនឹងប្រមូលពន្ធពីអ្នកបង្កើតមាតិការទាំងអស់នៅប្រទេសវៀតណាម (គឺរួមទាំងការប្រមូលពន្ធក្នុងរយៈពេលកន្លងមក) ដោយសារពួកគេពុំបានជូនដំណឹងអំពីប្រាក់ចំណូលផ្ទាល់ខ្លួនទៅមន្ត្រីរដ្ឋាភិបាល ។
ការប្រកាសប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញនេះ គឺក្រោយពីរដ្ឋាភិបាលវៀតណាមរកឃើញថា បច្ចុប្បន្ន ការលក់ផលិតផលតាមអនឡាញនៅវៀតណាមបានកើនឡើងរហូតដល់២៥% ក្នុង១ឆ្នាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល ។ ប៉ុន្តែការបង់ពន្ធឱ្យរដ្ឋាភិបាលផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក បែរជាពុំកើនឡើងតាមភាគរយនេះទេ ៕










