ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានដាក់រថភ្លើងដែលទើបទិញពីជប៉ុន រត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។
ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។
ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវទូថ្មីនេះ ត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕










