ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មាននារី២នាក់ជាមិត្តនឹងគ្នាបានទៅកម្សាន្តនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ស្រាប់តែជួបស្វាកំហូច១ក្បាលមកកញ្ឆក់ទូរស័ព្ទដៃរបស់ពួកនាង និងរត់ចូលក្នុងព្រៃ ។ បើទោះជាពួកនាងព្យាយាមលួងលោមយ៉ាងណា ក៏ស្វាពុំព្រមប្រគល់ទូរស័ព្ទឱ្យវិញដែរ ហើយវាក៏យកទូរស័ព្ទនេះទៅថតរូបសែលហ្វីក្នុងព្រៃ ។
នារីទាំង២រូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ក្នុងនោះម្នាក់ឈ្មោះ Ashley Hoke អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Sabrina Weibel អាយុ២៧ឆ្នាំ ។ ពួកនាងទាំងពីរបានធ្វើដំណើរមកកម្សាន្តនៅបរិវេណ Uluwatu កោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយបរិវេណនេះធ្វើឱ្យពួកនាងទទួលបានបទពិសោធន៍ថ្មី និងប្លែក រហូតដល់ចាំពុំភ្លេចក្នុងជីវិត ។
ក្នុងអំឡុងពេលពួកនាងស្ថិតនៅបរិវេណ Uluwatu កោះបាលី អាជ្ញាធរបានដាស់តឿនឱ្យពួកនាងប្រុងប្រយ័ត្ន និងទុកដាក់សម្ភារៈឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែគេពុំនឹកស្មានថា មានស្វា១ក្បាលរត់សំដៅមករកនារីឈ្មោះ Ashley និងកញ្ឆក់ទូរស័ព្ទដៃពីនាង បន្ទាប់មកនាង Ashley និងមិត្តភក្តិព្យាយាមលួងលោមដោយផ្តល់ចំណីឱ្យស៊ី ដើម្បីឱ្យវាប្រគល់ទូរស័ព្ទឱ្យនាងវិញ ។ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ គឺវានៅតែពុំព្រមប្រគល់ទូរស័ព្ទឱ្យម្ចាស់វិញ ហើយរត់ចូលព្រៃបាត់ ។
នារីទាំង២រូបក៏បានរត់តាមស្វាអស់រយៈពេលជាង៤៥នាទី ដោយពួកនាងប្រើប្រាស់កម្មវិធីមួយឈ្មោះ «Find my iPhone» របស់ Apple ដើម្បីស្វែងរកទីតាំងទូរស័ព្ទ ។ បន្ទាប់មក ពួកនាងក៏បានឃើញទូរស័ព្ទជ្រុះនៅលើដី ហើយពេលបើកទូរស័ព្ទមើល ស្រាប់តែឃើញវីដេអូ និងរូបភាពសែលហ្វីរបស់ស្វា ។ នៅពេលឃើញរូបភាពទាំងនេះធ្វើឱ្យពួកនាងអស់សំណើចយ៉ាងខ្លាំង ពីព្រោះមិននឹកស្មានថា ស្វាចេះថតរូបសែលហ្វីដូចមនុស្ស ។
នារីឈ្មោះ Sabrina និយាយថា ៖ «ពេលយើងដើរចូលក្នុងបរិវេណនេះ បុគ្គលិកនៅទីនេះប្រាប់យើងឱ្យប្រយ័ត្នប្រយែងសម្ភារៈ ។ បន្ទាប់មក យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះមានស្វាមកកញ្ឆក់ទូរស័ព្ទពីដៃ ។ ពេលនោះ ខ្ញុំបារម្ភថា វាចង់ធ្វើបាបយើង តែវាគួរឱ្យអស់សំណើចណាស់ ខ្ញុំពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនទេ» ៕










