កូរ៉េខាងត្បូង៖ យោងតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Gmarket កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ អាហារសត្វចិញ្ចឹមគឺមានចំនួនរហូតដល់ ៦៩% នៃការលក់សរុប ដែលតួលេខនេះគឺច្រើនជាងទ្វេដងនៃទឹកដោះគោ និងផលិតផលអាហារទារកទៅទៀត។ យោងតាមទិន្នន័យពីឧស្សាហកម្មវេជ្ជសាស្ត្រ និងពេទ្យសត្វ ចំនួនមន្ទីរពេទ្យសម្រាប់សត្វឆ្កែ និងឆ្មាក៏បានកើនឡើងទ្វេដងផងដែរ បើធៀបទៅនឹងកន្លែងពិនិត្យសុខភាព និងព្យាបាលកុមារ។
យោងតាមរបាយការណ៍ មូលហេតុដែលមានការផ្លាស់ប្តូរនេះគឺដោយសារអត្រាកំណើតនៅក្នុងប្រទេសកូរ៉េធ្លាក់ចុះខ្លាំង ដូច្នេះនិន្នាការកើនឡើងនៃភាពជាម្ចាស់សត្វចិញ្ចឹមបានបណ្តាលឱ្យការប្រើប្រាស់ផលិតផលសត្វឆ្កែ និងឆ្មាកើនឡើងខ្លាំងជាងទឹកដោះគោម្សៅរបស់ទារក។ ស្ថិតិផ្លូវការបង្ហាញថា អត្រាមានកូនសរុបនៅក្នុងប្រទេសបានថយចុះពី ០.៩២ ក្នុងឆ្នាំ ២០១៩ មកត្រឹម ០.៧២ ក្នុងឆ្នាំ ២០២៣ ហើយអាចធ្លាក់ចុះមកត្រឹម ០.៦៨ នៅឆ្នាំនេះ។ 
ដូច្នេះទីក្រុងទាំងមូលគឺមានទារកទើបនឹងកើតត្រឹមតែ ៥៩៤,០០០ នាក់ប៉ុណ្ណោះ។ ផ្ទុយទៅនឹងអត្រាកំណើត ជនជាតិកូរ៉េដែលចិញ្ចឹមឆ្កែបានកើនឡើងជាង ៤៤% ពី ២.០៩ លានក្បាលក្នុងឆ្នាំ ២០១៩ ដល់ ៣.០៣ លានក្បាលក្នុងឆ្នាំ ២០២២។ ហេតុនេះនៅទីក្រុងសេអ៊ូល គឺមានសត្វជាង ៦១០,០០០ ក្បាល ត្រូវបានចុះឈ្មោះដើម្បីចិញ្ចឹម។ នេះបើយោងតាមប្រភពឧស្សាហកម្មក៏ប៉ាន់ស្មានដែរថាទីផ្សារសត្វចិញ្ចឹមនឹងលើសពីទីផ្សារថែទាំកុមារនៅឆ្នាំក្រោយ។ ឧស្សាហកម្មសត្វចិញ្ចឹមអាចកើនឡើងដល់ ៦ ពាន់ពាន់លានវ៉ុននៅឆ្នាំ ២០២៧ បន្ទាប់ពីឈានដល់ ៤ ពាន់ពាន់លានវ៉ុនក្នុងឆ្នាំ ២០២៣។ 
គួរបញ្ជាក់ដែរថា ការថយចុះអត្រាកំណើតធ្វើឱ្យបុព្វលាភនៃផលិតផលរបស់កុមារកើនឡើង។ ការចំណាយជាមធ្យមរបស់អតិថិជនលើទឹកដោះគោ និងអាហារទារកបានកើនឡើង ៥៤% បើធៀបទៅនឹងឆ្នាំ ២០១៩ ក្នុងរយៈពេលត្រឹមតែ ៥ ខែដំបូងនៃឆ្នាំនេះ។ យោងតាម Gmarket បានឱ្យដឹងទៀតថា ការចំណាយរបស់អតិថិជននីមួយៗសម្រាប់ផលិតផលរបស់កុមារនាពេលបច្ចុប្បន្នគឺខ្ពស់ជាង ៣ ដង ហើយការចំណាយសម្រាប់អាហារសត្វចិញ្ចឹមក៏បន្តកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕










