ចាប់ពីដើមខែមិថុនា រហូតមកដល់ពេលនេះប្រទេសកម្ពុជាហាក់មានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ញឹកញាប់ ខណៈនៅប្រទេសចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតារយៈពេលយូរ ហើយចាំបាច់ត្រូវរៀបចំវិធានការណ៍ទប់ទល់ជាបន្ទាន់។
យោងតាមការព្យាករណ៍របស់អ្នកជំនាញអាកាសធាតុ បានប្រាប់ CNN ថ្មីៗនេះថា ប្រទេសចិននឹងបន្តប្រឈមមុខជាមួយរដូវក្តៅខ្លាំងបំផុតមិនធ្លាប់មាន ដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងនឹងកើនឡើងនៅទូទាំងប្រទេស។ នេះនឹងក្លាយជារដូវក្តៅទីបីជាប់ៗគ្នានៃអាកាសធាតុក្តៅមិនធម្មតារបស់ប្រទេសចិន បន្ទាប់ពីរយៈពេលពីរឆ្នាំនៃទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក។
យោងតាមអង្គការឧតុនិយមពិភពលោកក៏បានព្រមានដែរថានៅឆ្នាំនេះអាចនឹងក្តៅជាងឆ្នាំមុន។ លោក Zheng Zhihai ប្រធានផ្នែកព្យាករណ៍នៅមជ្ឈមណ្ឌលអាកាសធាតុជាតិចិនបាននិយាយកាលពីដើមសប្តាហ៍នេះថាតំបន់ភាគច្រើននៃប្រទេសចិននឹងកត់ត្រាខ្ពស់ជាងសីតុណ្ហភាពធម្មតានៅរដូវក្តៅនេះដោយសីតុណ្ហភាពអាចលើសពី ៣៥ អង្សាសេកើតឡើងញឹកញាប់។ រលកកំដៅរយៈពេលយូរនេះនឹងកើតឡើងនៅភាគខាងត្បូង ភាគខាងកើត និងភាគខាងជើងប្រទេសចិន ក៏ដូចជាតំបន់ស្វយ័តស៊ីនជាំងនៅភាគខាងលិច ដោយតំបន់ខ្លះ “អាចប្រឈមនឹងរលកកំដៅដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង” ។
លោក Zheng បានកត់សម្គាល់ថា ប្រទេសចិនត្រូវតែរៀបចំការងារឆ្លើយតបយ៉ាងពេញលេញ និងប្រព័ន្ធធារាសាស្រ្តសមហេតុផល ដើម្បីការពារគ្រោះរាំងស្ងួត និងធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលរដូវក្តៅ នៅពេលដែលតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Zheng បានបន្តទៀតថា ស្ថានភាពទាំងមូលនឹងមិនធ្ងន់ធ្ងរដូចក្នុងឆ្នាំ ២០២២ ឡើយ នៅពេលដែលប្រទេសចិនបានទទួលរងនូវរលកកំដៅដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតាក្នុងរយៈពេលជាង ៧០ ថ្ងៃ។ 
យោងតាមមជ្ឈមណ្ឌលសេវាកម្មទិន្នន័យឧតុនិយមរបស់ប្រទេសចិន ប្រទេសនេះនៅពេលដែលមានសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ត្រូវបានគេហៅថា “សីតុណ្ហភាពខ្ពស់” ហើយមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នានឹងត្រូវបានគេហៅថា “រលកកំដៅ” ។ ក្រៅពីប្រទេសចិនដីគោក ហុងកុងក៏ត្រូវបានគេព្យាករណ៍ថានឹងមានអាកាសធាតុក្តៅខុសពីធម្មតានៅរដូវក្តៅនេះ។ លោក Leung Wing-mo អ្នកនាំពាក្យរបស់សមាគមឧតុនិយមហុងកុងបាននិយាយថា ទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងជួបប្រទះនូវអាកាសធាតុត្រជាក់មួយចំនួនដោយសារតែ La Nina ប៉ុន្តែភាពត្រជាក់ទាំងនេះនឹងត្រូវបានគ្របដណ្ដប់ដោយនិន្នាការឡើងកំដៅផែនដី។
គួរបញ្ជាក់ដែរថា កាលពីខែមុន តំបន់ជាច្រើននៅអាស៊ីខាងត្បូង និងអាគ្នេយ៍បានរងគ្រោះដោយសារកម្ដៅយូរ។ នៅក្នុងប្រទេសឥណ្ឌានៃរដ្ឋធានីញូវដេលី និងរដ្ឋ Rajasthan បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេ ហើយមនុស្សជាង ៥០ នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅកាលពីសប្តាហ៍មុន។ ខណៈប្រទេសជិតខាងប៉ាគីស្ថានក៏បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេផងដែរ៕










