បរទេស៖ Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោកជាមួយនឹងការចូលខំមិនរូបភាពរបស់ Kylian Mbappe ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។
យោងតាម Sportbible នៅពេលដែលកីឡាករ Kylian Mbappe បានផ្លាស់ប្តូរទៅកាន់ក្លឹបបាល់ទាត់ក្នុងក្តីស្រមៃរបស់លោកគឺ Real Madrid ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកក៏បានបង្ហោះរូបភាពខ្លួនពាក់អាវ Real Madrid កាលពីនៅក្មេងជាមួយ Idol ខ្លួនគឺ Ronaldo នៅលើ Instagram របស់លោក អមដោយសំណេរយ៉ាងវែងថា “សុបិន្តក្លាយជាការពិត” រីករាយ និងមោទនៈភាពណាស់ដែលខ្ញុំបានក្លាយជាកីឡាកររបស់ Real Madrid វាជាផ្នែកមួយនៃក្តីស្រមៃរបស់ខ្ញុំ វាមិនអាចទៅរួចទេក្នុងការពន្យល់ពីអារម្មណ៍រីករាយ និងរំភើបនៅពេលនេះ។ ខ្ញុំមិនអាចរង់ចាំជួបអ្នក Madridistas ហើយសូមអរគុណចំពោះការគាំទ្រដ៏អស្ចារ្យរបស់អ្នក។
ភ្លាមនោះ Ronaldo ដែលជាអតីតវិរបុរសរបស់ក្លឹបនេះក៏បានចូលខំមិនថា “រំភើបណាស់ដែលបានឃើញឈានជើងនៅ Bernabeu…hala Madrid”។ ជុំវិញការខំមិននេះ គឺបានធ្វើឱ្យ Cristiano Ronaldo បំបែកកំណត់ត្រាពិភពលោក ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។ 
គួរបញ្ជាក់ដែរថា Mbappe គឺជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Ronaldo នៅពេលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលគ្នានៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការរំភើបជាខ្លាំង។ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ក្លឹប Real Madrid បានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដោយគ្មានតម្លៃខ្លួន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ខណៈការមកដល់របស់កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមអធិរាជសក្លាយជាខ្លាដុះស្លាបតែម្តង៕










