រដ្ឋបាលរាជធានភ្នំពេញ នឹងធ្វើការកែសម្រួលខ្លះៗ នៅចំណុចរង្វង់មូលគួចកាណុង ក្រោយសង្កេតឃើញពីស្ថានភាពចរាចរតែងមានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសសម៉ោងមមាញឹក ចន្លោះពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរ ដូចខាងក្រោម៖
១. ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស។
២. ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០។
៣. រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០។
៤. រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។ គម្រោងខាងលើ នឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ៕










