បរទេស៖ ក្រុមហ៊ុនជប៉ុន Toyota ថ្មីៗនេះបានប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី ដោយផ្តោតតែលើរថយន្តកូនកាត់ និងរថយន្តអគ្គិសនីប៉ុណ្ណោះ។ ដូច្នេះម៉ូដែលរថយន្តសាំងតួខ្ពស់ដូចជា RAV4, Kluger, Corolla Cross ក៏ដូចជារថយន្ត Camry និង Corolla នឹងលែងផលិតចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។
យោងតាម Toyota Australia បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងលក់តែម៉ូដែលកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ នៅពេលដែលការលក់រថយន្តទាំងនេះឈានដល់ដំណាក់កាលល្អបំផុត។
លោក Sean Hanley អនុប្រធានផ្នែកលក់ ទីផ្សារនិង Franchise របស់ Toyota Australia បាននិយាយថា ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងពន្លឿននិន្នាការនៃការលក់រថយន្តកូនកាត់ឱ្យកាន់តែប្រសើរឡើង នៅពេលដែលរថយន្តនេះបានឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ នៅក្នុងប្រទេសអូស្ត្រាលីបច្ចុប្បន្នការលក់រថយន្តកូនកាត់គឺមានច្រើនជាង ៩៥% នៃការលក់រថយន្តសាំង ខណៈរថយន្តសាំងលែងជាតម្រូវការរបស់ប្រជាជនអូស្ត្រាលីទៀតហើយ។
ទោះជាយ៉ាងណា រថយន្តដូចជា RAV4, Kluger, Corolla Cross, Camry និង Corolla គឺក្រុមហ៊ុនឈប់ផលិតជាប្រភេទកំណែម៉ាស៊ីនសាំង មានន័យថាក្រុមហ៊ុននឹងយករថយន្តទាំងនេះទៅផលិតកែច្នៃជារថយន្តកូនកាត់វិញ ដោយបង្កើនតម្លៃទ្វេរដង។ ជាឧទាហរណ៍ រថយន្តសាំង Kluger ជាធម្មតាមានតម្លៃជាង ៣៥,០០០ ដុល្លារ ប៉ុន្តែនៅពេល Update ទៅជារថយន្តកូនកាត់(សាំង-អគ្គិសនី) វិញគឺអាចមានតម្លៃចាប់ពី ៤ ម៉ឺនដុល្លារអាមេរិកឡើងទៅ។
គួរបញ្ជាក់ដែរថា សព្វថ្ងៃនៅប្រទេសអូស្ត្រាលីគឺមានរថយន្តតូយ៉ូតាកូនកាត់ជាង ៤៣០,០០០ គ្រឿងត្រូវបានលក់ចាប់តាំងពីម៉ូដែល Prius ត្រូវបានដាក់លក់ក្នុងខែតុលា ឆ្នាំ ២០០១ ដែលក្នុងនោះប្រហែល ៣៣% ត្រូវបានលក់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅក្នុងខែឧសភា រថយន្តកូនកាត់មានចំនួនរហូតដល់ ៤៨.៩% នៃការលក់របស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងទីផ្សារនេះ។ នៅឆ្នាំ ២០២៣ ផលិតផលដែលបំពាក់ដោយម៉ាស៊ីនកូនកាត់មានចំនួនរហូតដល់ ៣៣.៥% នៃការលក់សរុប៕










