ប្រទេសអង់គ្លេស ៖ យើងអាចធ្លាប់ឃើញស្បែកជើងមានតម្លៃថ្លៃៗជាច្រើន ប៉ុន្តែស្បែកជើងទាំងនោះមិនធ្វើឱ្យយើងភ្ញាក់ផ្អើលដូចស្បែកជើង១គូនេះឡើយ ពីព្រោះវាមិនត្រឹមតែស្រស់ស្អាតបុណ្ណោះទេ ប៉ុន្តែបានជាប់ចំណាត់ថ្នាក់ជាស្បែកជើងមានតម្លៃខ្ពស់បំផុតលើពិភពលោកផងដែរ ។.jpg)
ស្បែកជើងកែងដ៏ស្រស់ស្អាត១គូនេះបានផលិតពីមាសមានតម្លៃ និងគ្រាប់ពេជ្រដ៏កម្រ ហើយត្រូវបានរចនាម៉ូដដោយអ្នកច្នៃម៉ូដល្បីឈ្មោះជនជាតិអង់គ្លេស គឺអ្នកស្រី Debbie Wingham តាមការកុម្ម៉ង់របស់មហាសេដ្ឋីឌូបៃ ។ អ្នកស្រីជាអ្នករចនាម៉ូដផលិតផលល្បីៗ និងប្រណីតជាច្រើនម៉ាក ហើយអ្នកស្រីត្រូវបានមហាជនស្គាល់ថា ជាអ្នកបង្កើតរបស់ប្រណីតថ្លៃៗលើពិភពលោក ។
កន្លងមក អ្នកស្រីធ្លាប់បានរចនារ៉ូបដ៏ស្អាតបំផុតឈ្មោះ Red Diamond Abaya ដែលលម្អទៅដោយគ្រាប់ពេជ្រ២ពណ៌ គឺពណ៌ខ្មៅ និងក្រហម ព្រមទាំងអង្កាំចំនួន២.០០០គ្រាប់ ។ រីឯតម្លៃរបស់រ៉ូបនេះវិញ គឺស្មើប្រមាណ១៥លាន៤សែន៥ម៉ឺនដុល្លារអាមេរិក ។ លើសពីនេះ អ្នកស្រីបានធ្វើនំខេកបង្កប់គ្រាប់ពេជ្រចំនួន៤.០០០គ្រាប់ សម្រាប់ថ្ងៃខួបកំណើតកូនស្រីមហាសេដ្ឋីអេមីរ៉ាត ដែលមានតម្លៃរហូតដល់៦៤លានដុល្លារអាមេរិក ។.jpg)
ចំណែកស្បែកជើងមានតម្លៃខ្ពស់នេះ គឺមហាសេដ្ឋីឌូបៃម្នាក់បានកុម្ម៉ង់ឱ្យអ្នកស្រីធ្វើ សម្រាប់ជារង្វាន់ថ្ងៃខួបកំណើតសមាជិកគ្រួសារដ៏ពិសេស ។ ស្បែកជើងនេះតុបតែងលម្អទៅដោយពេជ្រពណ៌ផ្កាឈូក និងពណ៌ខៀវគ្រាប់ធំ ដែលជាពេជ្រកម្រ និងមានតម្លៃស្មើ១៣លានដុល្លារអាមេរិក ។ ក្រៅពីនេះ មានពេជ្រពណ៌ស និងពេជ្ររាងស៊ីឡាំង ចំនួន១.០០០គ្រាប់ ក៏បានបង្កប់ក្នុងស្បែកជើងនេះដែរ ។
ក្រៅពីការតុបតែងលម្អដោយគ្រាប់ពេជ្រចម្រុះពណ៌ ស្បែកជើងនេះក៏មានខ្សែរ៉ូត និងបន្ទះដែកនៅផ្នែកខាងក្រោមផលិតពីមាសរឹង ។ រីឯតួស្បែកជើងធ្វើពីស្បែកសុទ្ធស្រោបមាស ព្រមទាំងមានផ្កាកុលាបពណ៌មាសគួរឱ្យស្រឡាញ់ដើម្បីឱ្យកាន់តែប្រណីតថែមទៀត ។
ក្រៅពីនេះ អ្នកស្រីបានសហការជាមួយវិចិត្រករសហសម័យនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ឈ្មោះ Chris Campbell ដែលបានមកជួយរចនាម៉ូដស្បែកជើងនេះ ។ ពួកគេបានចំណាយពេលអស់ជាច្រើនម៉ោង ទើបអាចរចនាម៉ូដស្បែកជើងបាន ហើយវាជាស្នាដៃចុងក្រោយរបស់អ្នកស្រី ៕










