ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃបានផ្តល់បទសម្ភាសន៍ពីករណីគណបក្សភឿថៃ ដែលព្យាយាមជំរុញច្បាប់លើកលែងទោសដើម្បីពិចារណាក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ និងលុបចោលបទល្មើសរបស់ជនពាក់ព័ន្ធក្នុងមាត្រា១១២ ដោយលោកថ្លែងថា លោកបាននិយាយពីបញ្ហានេះកន្លងមក ហើយលោកពុំចង់និយាយឡើងវិញទេ ។
នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីអាចលុបពាក្យចចាមអារ៉ាមបានទេ ដែលលើកឡើងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ
នៅតែស្ថិតក្នុងប្រទេសថៃ និងពុំបានរត់ចោលស្រុកដូចការលើកឡើង? តើលោកបានទាក់ទងទៅលោក ថាក់ស៊ីន ដែរឬទេ?
លោក Srettha Thavisin ថ្លែងថា ៖ «ខ្ញុំបានជួបលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ ហើយខ្ញុំបានសួរពីឪពុករបស់លោកស្រី (គឺលោក ថាក់ស៊ីន) ហើយលោកស្រី Paetongtarn ប្រាប់ថា ឪពុកលោកស្រីសុខសប្បាយធម្មតា ។ ខ្ញុំមានទំនុកចិត្តថា លោក ថាក់ស៊ីន ពុំបានចាកចេញពីថៃទេ ហើយលោកនៅតែតស៊ូជាមួយរឿងក្តីក្នុងតុលាការ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់១៧ឆ្នាំហើយ ។ លោកនឹងបង្ហាញខ្លួនក្នុងតុលាការ ខ្ញុំពុំអាចនិយាយជំនួសលោក ថាក់ស៊ីន បានទេ គ្រាន់តែខ្ញុំដឹងថា លោកមិនទៅណាទាំងអស់» ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការកំពូលប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ហើយធ្វើឱ្យអ្នកនយោបាយថៃផ្តោតទៅលើគណបក្សភឿថៃ, លោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ។ គេនឹងរង់ចាំមើលថា តើគណបក្សភឿថៃនឹងបង្ហាញពីគោលជំហររបស់ខ្លួនដូចម្តេចពាក់ព័ន្ធនឹងច្បាប់លើកលែងទោស ឬគណបក្សនេះស្វែងរកដំណោះស្រាយផ្សេង ដូចជា ៖ បង្កើតគណៈកម្មការលើកលែងទោស ។
រីឯលោក ថាក់ស៊ីន នឹងដោះស្រាយដូចម្តេចដើម្បីតស៊ូជាមួយការប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ព្រោះបើតាមសារព័ត៌មានផ្សេងៗរាយការណ៍ថា លោក ថាក់ស៊ីន នឹងមានការធានានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃតុលាការណាត់ឱ្យលោក ថាក់ស៊ីន ទៅបង្ហាញខ្លួន ។ ម្យ៉ាងទៀត តាំងពីតុលាការកំពូលប្រកាសប្តឹងលោក ថាក់ស៊ីន គេពុំបានឃើញលោកបង្ហាញខ្លួនជាសាធារណៈដូចមុនទៀតទេ ហើយគ្មានអ្នកណាដឹងថា លោក ថាក់ស៊ីន ស្ថិតនៅកន្លែងណាទេ ។
មតិខ្លះលើកឡើងថា លោក ថាក់ស៊ីន រត់ចោលស្រុកទៀតហើយ ព្រោះលោកពុំអាចឈ្នះក្តីក្នុងតុលាការលើកនេះ ហើយលោកខ្លាចជាប់គុកម្តងទៀត ។ ប៉ុន្តែមតិខ្លះថា លោកមិនចាកចេញពីប្រទេសថៃទេ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់ច្រើនឆ្នាំហើយ ទម្រាំអាចចូលមកប្រទេសថៃវិញ មិនងាយស្រួលឡើយ ។ ហេតុនេះ លោកនឹងតស៊ូបន្តទៀតក្នុងតុលាការ ។
បើតាមពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនៅប្រទេសថៃ ដោយសារលោក Srettha សុខចិត្តលះបង់តួនាទីរបស់ខ្លួនតាមពាក្យសន្យាជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែលោក Srettha បញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថៃ ព្រោះលោកពុំបានសន្យាអ្វីជាមួយអតីតនាយករដ្ឋមន្ត្រីទេ គឺលោកនឹងបម្រើប្រទេសជាតិបន្តទៀត ។ លោកបន្តការសហការជាមួយអតីតនាយករដ្ឋមន្ត្រីគ្រប់រូប ព្រោះលោកប្រៀបដូចជាទឹកកន្លះកែវ ៕










