បន្ទាប់ពីតារាចម្រៀងរ៉េប KingChi បង្ហើរសំនៀងរបស់ខ្លួនដោយខ្លីក្នុងន័យថារឿងដែលកើតឡើងចំពោះ Rapper 1NE និង MC Sey ទំនងមានអ្នកចង់ជាន់និងធ្វើស៊ីក្រុមលោកទើបបានជាមានរឿងអាស្រូវបែបនេះ។ ទោះយ៉ាងណា ការចេញមកបោះសម្តីនៅក្នុងចម្រៀងជាលក្ខណៈផ្លែផ្កាបែបនេះបានធ្វើឱ្យតារារ៉េប KingChi រងនូវពាក្យរិះគន់ពីសាធារណជនវិញដោយមតិភាគច្រើនលើកឡើងថាគ្មានអ្នកធ្វើស៊ីនោះទេ រឿងកើតឡើងដោយសារតែខ្លួនឯងជាអ្នកប្រព្រឹត្ត។
កាលពីចុងខែឧសភា សំឡេងត្រឹមតែ១៧វិនាទីរបស់តារារ៉េប KingChi បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនប៉ុន្តែការបង្ហោះនោះមិនបានប៉ុន្មានលោកក៏សម្រេចចិត្តលុបវិញ ប៉ុន្តែមានអ្នកថតទុកនិងបានចែករំលែកនៅលើបណ្តាញសង្គមព្រោងព្រាត។ សំឡេងខ្លីនេះបានឱ្យដឹងថា KingChi បានប្រាប់ទៅអ្នកម្តាយរបស់លោកថាមិនជាប់ពាក់ព័ន្ធរឿងអាស្រូវរបស់ rapper 1NE និង MC Sey ឡើយ និងបង្ហើបទៀតថារឿងនេះមិនច្បាស់លាស់មហាជនកំពុងវង្វេងភាំងភ័ន មិនដឹងថាមានការចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG ។
ប្រធានបទ ដែលបង្ហើបថាមានអ្នកចង់ធ្វើស៊ីក្រុមលោក តារារ៉េប KingChi ត្រូវរងនូវមតិរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម តែក៏មានអ្នកមួយចំនួនមានជំនឿជឿជាក់ទៅកាន់តារារ៉េបរូបនេះដដែលនិងបានបញ្ចេញមតិថាអ្នកមិនដឹងរឿងច្បាស់សូមកុំបញ្ចេញមតិធ្វើដូចដឹងរឿងពិតជាដើម។
ចំពោះមតិរិះគន់ ដែលគ្រូបង្វឹក The rapper Cambodia រដូវកាលទី១ ទទួលរងវិញពួកគេបានបញ្ចេញមតិស្រដៀងគ្នាដោយការហួសចិត្ត និងបានលើកឡើងថា ធ្វើខ្លួនឯងសោះថាគេធ្វើស៊ី អ្នកខ្លះបាននិយាយថា ចេះនិយាយបែបនេះទៅរួចជាដើម»។
យ៉ាងណាមិញ រឿងអាស្រូវរបស់តារារ៉េប MC Sey និង 1NE ហាក់ស្ងប់រលត់ច្រើនហើយប៉ុន្តែនៅពេល KingChi បង្ហោះវីដេអូខ្លីមកបានទាញការចាប់អារម្មណ៍បន្តទៀត ខណៈកន្លងមកនេះបន្ទាប់ពីរឿងអាស្រូវផ្ទុះកក្រើកខ្លាំងល្បី៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខ ច្រានចោលពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយហើយអ្នកទាំងពីរព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត៕










