សហរដ្ឋអាមេរិក ៖ R/P FLIP គឺជាឈ្មោះនាវាមួយរបស់អាមេរិកសម្រាប់ស្រាវជ្រាវនៅមហាសមុទ្រ ប៉ុន្តែចំណុចទាក់ទាញខ្លាំងបំផុត គឺវាមានសភាពដូចគ្នានឹងនាវាកំពុងតែលិចក្នុងទឹក ដោយគេគ្រាន់តែចុចប៊ូតុង១លើកប៉ុណ្ណោះ ។ ហេតុនេះ មនុស្សភាគច្រើនតែងតែយល់ខុសថា វាកំពុងតែលិចក្នុងទឹកសមុទ្រ ។
FLIP គឺជាពាក្យកាត់មកពីពាក្យ Floating Instrument Platform ជាកម្មសិទ្ធិរបស់ភ្នាក់ងារស្រាវជ្រាវកងទ័ពជើងទឹកអាមេរិកសម្រាប់ស្រាវជ្រាវមហាសមុទ្រ ។ នាវានេះមានប្រវែងសរុប១០៨ម៉ែត្រ ហើយគេបានរចនាម៉ូដវាឡើងឱ្យផ្នែកខ្លះលិចក្នុងទឹក និងផ្អៀងទៅខាងក្រោយ៩០អង្សា ដោយបន្សល់ទុកតែចុងនាវាមានកម្ពស់ត្រឹមតែ១៧ម៉ែត្រពីទឹក ។
គម្រោងអភិវឌ្ឍន៍នាវានេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ហើយអ្នកស្រាវជ្រាវឈ្មោះ Frederick H. Fisher និងនាយកមន្ទីរពិសោធន៍សមុទ្រឈ្មោះ Fred N. Peess បានពិភាក្សាគ្នាអំពីការប្រើប្រាស់នាវាមុជទឹកដើម្បីស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ។ ដូច្នេះ គំនិតការរចនាម៉ូដឱ្យនាវាងើបឡើងពីទឹកអាចជាដំណោះស្រាយដ៏ល្អបំផុតនាពេលនោះ ។
នៅទីបំផុត នាវា FLIP ក៏បានបង្ហាញរូបរាងឡើងក្នុងរយៈពេល២ឆ្នាំក្រោយមក ហើយវាអាចអណ្តែតនៅលើខ្សែទឹកយ៉ាងងាយស្រួល ឬចតនៅមហាសមុទ្រដែលមានជម្រៅជ្រៅបំផុតរហូតដល់៥.០០០ម៉ែត្រ ។ រីឯការផ្លាស់ពីផ្តេកទៅបញ្ឈររបស់នាវា នឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺនាវាមិនអាចបើកបរដោយខ្លួនវាបានទេ ហើយគេត្រូវប្រើប្រាស់នាវាផ្សេងទៀតមកជួយអូស ។ នាវានេះមានទម្ងន់ប្រមាណ៧០០តោន និងអាចដឹកបុគ្គលិកក្នុងនាវាចំនួន៥នាក់ ព្រមទាំងអ្នកវិទ្យាសាស្ត្រ១១នាក់ទៀត ។
ចំណែកផ្នែកខាងក្នុងនាវាត្រូវបានផលិតឡើងដើម្បីអាចប្រើប្រាស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលនាវាផ្តេក ឬបញ្ឈរ ។ ដូចគ្នានេះ ការបំពាក់អគ្គិសនី ចាំបាច់ត្រូវដាក់នៅលើជញ្ជាំងទាំង២ផ្នែក ដែលវានឹងក្លាយជាដំបូល ហើយសម្ភារៈផ្សេងៗក៏ដូចគ្នាដែរ ។ នេះជាភាពអស្ចារ្យរបស់នាវា FLIP ដែលមានភាពខុសប្លែកគ្នាពីនាវាផ្សេងទៀតនៅលើពិភពលោក ហើយពុំគួរឱ្យជឿថា គេបានកសាងវាតាំងពី៦០ឆ្នាំមុន ៕










