បេក្ខនារី លីន សោម៉ា បានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២ ដោយយកឈ្នះបេក្ខភាព យ៉ាង ចាន់រតនា លីម ឧត្តម និងភុន សុភ័ក្រ ។ ឆ្លងកាត់ប្រកួតប្រជែងអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការដណ្តើមពានលំដាប់ថ្នាក់ពិភពលោកនេះ លីន សោម៉ា ទទួលរងទាំងការពេញចិត្តពីទស្សនិកជនថាសមជាម្ចាស់ពាន ខណៈមតិមួយចំនួនមិនយល់ស្រប។ ទោះជាយ៉ាងណា មុននឹងទទួលបានភាពជោគជ័យដ៏ធំធេងនេះ លីន សោម៉ា ក៏ធ្លាប់បរាជ័យដូចគ្នាតែនាងតស៊ូខ្លាំងទម្រាំមានថ្ងៃនេះ។
កាលពីយប់ថ្ងៃទី១ មិថុនា កម្មវិធីប្រកួត Beat The Best រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ លីន សោម៉ា មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បួងឃ្មុំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យពន្ធដារ។ ភាពជោគជ័យនេះ លីន សោម៉ា ទទួលបានទឹកប្រាក់ចំនួន២៤០០០ដុល្លារនិងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។
ការក្លាយជាម្ចាស់ពានរដូវកាលពី២ បន្ទាប់ពី សួ វិចិត្រ លីន សោម៉ា ទទួលបានការអបអរសាទរយ៉ាងច្រើនពីទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈផងថានាងទទួលបានពិតជាស័ក្តិសមហើយ។ ទោះយ៉ាងណា ទន្ទឹមនឹងមានមតិគាំទ្រនោះ ម្ចាស់ពានថ្មីថ្មោងរូបនេះក៏រងនូវមតិពីអ្នកមួយចំនួនដូចគ្នាដោយពួកគេបានបោះសម្តីថា សំឡេងនៅញ័រ ចាញ់បេក្ខភាពផ្សេង ឈ្នះដោយការបោះឆ្នោតប៉ុន្តែកម្មវិធីមិនបានបង្ហាញលទ្ធផលជាដើម។ យ៉ាងណាមិញ ការមិនពេញចិត្តចំពោះលទ្ធផលមានចំនួនតិចបើធៀបនឹងការពេញចិត្តចំពោះ លីន សោម៉ា។
មែនទែនទៅទម្រាំអាចឈានមកដល់ចំណុចកំពូលនេះ មិនមែនជារឿងងាយស្រួលសម្រាប់នាងនោះទេ ពោលការព្យាយាមរបស់ លីន សោម៉ា ដែលមិនបោះបង់ក្តីស្រមៃខ្លួនឯងទោះបីជាបរាជ័យច្រើនដងយ៉ាងណាក្តីទើបហុចផលឱ្យនៅពេលនេះ។
លីន សោម៉ា បានប្រឡូកការប្រលងចម្រៀងតាំងពីក្មេងមកម្ល៉េះចូលប្រកួតចំនួន៦ដងមានទាំងបរាជ័យនិងជោគជ័យ។ កាលពីកុមារ លីន សោម៉ា បានចូលប្រកួត «ផ្កាយរះក្នុងសួន»រដូវកាលទី២ ប៉ុន្តែនាងមិនបានជាប់ឡើយមិនទាំងជាប់វគ្គដំបូងផង។ លើកទី២ សោម៉ាបានប្រកួតក្នុងកម្មវិធីនេះម្តងទៀតនៅរដូវកាលទី៣ក្នុងឆ្នាំ២០១៦ រហូតបានជាប់ជាម្ចាស់ពានតែម្តងក្នុងវ័យ១៣ឆ្នាំ។ បន្ទាប់មកក្មេងស្រីរូបនេះដាក់ពាក្យប្រកួត The voice kid Cambodia រដូវកាលទី១ ប៉ុន្តែជាលទ្ធផលមិនជាប់សូម្បីតែវគ្គដំបូងទាំងខ្លួនជាម្ចាស់ពានកម្មវិធី ផ្កាយរះក្នុងសួន។
ទោះជាយ៉ាងនេះក្តី លីន សោម៉ា មិនបានបោះបង់ក្តីស្រមៃខ្លួនឯងនោះទេ នាងក៏សម្រេចចិត្តដាក់ពាក្យប្រកួត Cambodian idol រដូវកាលទី៣ក្នុងវ័យ១៦ឆ្នាំ ដែលបានឈានជើងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ មហិច្ឆតាមិនទាន់ដល់គោលដៅ ក្មេងស្រីដែលមានការតស៊ូរូបនេះបានដាក់ពាក្យប្រកួតកម្មវិធីមួយទៀតគឺ The mask Singer Cambodia រដូវកាលទី១ ហើយលទ្ធផល បានឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនបានទទួលជ័យជម្នះឡើយដោយយបានទៅលើ ចំរើន សុភ័ក្រ។
រត់តាមក្តីស្រមៃមិនឈប់ចង់ក្លាយជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកខេត្តត្បូងឃ្មុំរូបនេះបានបោះជំហ៊ានម្តងទៀតក្នុងកម្មវិធី Beat the best រដូវកាលទី២នេះ រហូតបានក្លាយជាម្ចាស់ពាននិងក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលខ្លួនឯងប៉ងប្រាថ្នា៕