អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្របានជជែកវែកញែកគ្នាយូរមកហើយថា តើមានមនុស្សក្រៅភព ឬអេលៀន ដែរឬទេ? តើពួកគេធ្លាប់ធ្វើដំណើរមកកាន់ផែនដីឬអត់? អ្នកវិទ្យាសាស្ត្រជាច្រើនរូបបានព្យាយាមបញ្ជូនយានអវកាសទៅកាន់ភពផ្សេងៗដើម្បីស្វែងរកមនុស្សក្រៅភព ហើយពួកគេធ្វើការបកស្រាយខុសៗគ្នា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA បានលើកលែងបែបនេះ ដែលយើងពុំធ្លាប់ឮពីមុន ។
លោក សេវ៉ាណូ ខូឡុំបាណូ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA ជឿជាក់ថា មនុស្សក្រៅភពអាចមានភាពខុសប្លែកគ្នាពីមនុស្សនៅលើផែនដី ហើយយើងពុំអាចមើលឃើញទេ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។ មនុស្សក្រៅភពមានប្រាជ្ញាឆ្លាតខ្លាំងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមនុស្សធម្មតាពុំអាចវាយតម្លៃបាន ហើយពួកគេអាចធ្វើដំណើរទៅកាន់អវកាស និងផ្កាយនានាដោយគ្មានការលំបាក ។
បើយើងប្រៀបធៀបរយៈពេល១០០ឆ្នាំមុនជាមួយបច្ចុប្បន្ននេះឃើញថា ពិភពលោកបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍រីកចម្រើនមិនគួរឱ្យជឿ ខណៈអ្នកវិទ្យាសាស្ត្រនានាព្យាយាមរកចម្លើយពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ ប្រធានបទមនុស្សក្រៅភពទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សខ្លះក៏ចង់ឃើញមនុស្សក្រៅភពដោយផ្ទាល់ភ្នែក ខណៈអ្នកខ្លះទៀតបារម្ភថា ពួកគេអាចនឹងមករុករានផែនដី ។
ក្នុងកិច្ចប្រជុំស្តីពី «ការស្វែងរកអរិយធម៌នៅក្រៅពិភពលោក» លោក សេវ៉ាណូ និយាយថា អ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវតែគិតឱ្យបានទូលំទូលាយជាងនេះ អំពីមនុស្សក្រៅភព និងភាពខុសប្លែកគ្នាពីមនុស្សរស់នៅលើផែនដី ដូចជា ៖ អាយុ, កម្ពស់ និងរូបរាង ។ មនុស្សក្រៅភពបានធ្វើដំណើរមកកាន់ផែនដី ប៉ុន្តែយើងមើលពុំឃើញ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។.jpg)
លោក សេវ៉ាណូ បន្តថា បច្ចុប្បន្ន យើងផ្តោតតែលើការប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្សលើផែនដីប៉ុណ្ណោះ ដូចជា ៖ ការបញ្ជូនរលកសំឡេងតាមរកអរិយធម៌មនុស្សក្រៅភព ប៉ុន្តែពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនជាងយើងរាប់លានឆ្នាំ រហូតដល់យើងពុំអាចទាក់ទងពួកគេបានតាមរយៈបច្ចេកវិទ្យាដែលប្រើប្រាស់សព្វថ្ងៃនេះ ។
វាជាការលើកឡើងមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់មហាជន និងអាចជំរុញឱ្យអ្នកវិទ្យាសាស្ត្រនានាសន្និដ្ឋានឱ្យបានទូលំទូលាយជាងនេះពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ តើយើងជឿថា មានមនុស្សក្រៅភពរស់នៅកន្លែងណាមួយក្នុងចក្រវាឡនេះ និងធ្លាប់ធ្វើដំណើរមកកាន់ផែនដីដែរឬទេ?










