ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានប្រទះឃើញបាឡុងប្រមាណជា១០០គ្រឿង ព្រមទាំងមានវត្ថុមួយចំនួនក្នុងនោះផងដែរ ដែលបានហោះឆ្លងកាត់ព្រំដែនមកពីប្រទេសកូរ៉េខាងជើង ។ ក្រោយមក មន្ត្រីសន្តិសុខកូរ៉េខាងត្បូងបានប្រមូលយកវត្ថុក្នុងបាឡុងទៅត្រួតពិនិត្យយ៉ាងលម្អិត ។
ការិយាល័យអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍១ច្បាប់ ពាក់ព័ន្ធនឹងការប្រទះឃើញបាឡុងប្រមាណ១០០គ្រឿង ព្រមទាំងសំរាម និងវត្ថុផ្សេងៗដែលគេពុំអាចបញ្ជាក់ឈ្មោះបាន ។ ជំហានដំបូង គេសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងទាំងនេះមកឱ្យកូរ៉េខាងត្បូង ពីព្រោះបាឡុងទាំងនេះបានហោះនៅត្រង់បរិវេណព្រំដែនរវាងខេត្តខាយ៉ុងគី និងខេត្តកាំងវ៉ុន ហើយមន្ត្រីសន្តិសុខកូរ៉េខាងត្បូងបានប្រមូលយកវត្ថុក្នុងបាឡុងទៅត្រួតពិនិត្យយ៉ាងលម្អិត ។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់កងទ័ពកូរ៉េខាងត្បូង ក៏បានដាស់តឿនពលរដ្ឋរស់នៅក្នុងតំបន់ព្រំដែន ដែលពួកគេបានឃើញបាឡុងទាំងនេះ ត្រូវចៀសវាងធ្វើសកម្មភាពអ្វីមួយនៅក្រៅផ្ទះ, កុំប៉ះពាល់វត្ថុចម្លែក និងសូមឱ្យជូនដំណឹងមកកាន់អាជ្ញាធរជាបន្ទាន់ នៅពេលពលរដ្ឋប្រទះឃើញវត្ថុអ្វីមួយគួរឱ្យសង្ស័យ ។
ចំណែករដ្ឋាភិបាលក្រុងព្យុងយ៉ាងពុំបានមានមតិជាផ្លូវការទេ ប៉ុន្តែសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ទើបតែបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ថា កូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបវិញទៅកាន់កូរ៉េខាងត្បូង ដែលអនុញ្ញាតឱ្យសកម្មជនកូរ៉េខាងជើងបញ្ជូនបាឡុងដាក់លិខិតឃោសនាប្រឆាំងជាមួយកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនមកកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ ។
ហេតុការណ៍នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមមកឱ្យកូរ៉េខាងត្បូង ។ កាលពីឆ្នាំ២០១៦ កូរ៉េខាងជើងក៏ធ្លាប់បានបញ្ជូនបាឡុងឆ្លងកាត់ព្រំដែនមកឱ្យកូរ៉េខាងត្បូងផងដែរ ហើយក្នុងបាឡុងនោះមានលិខិតឱ្យពលរដ្ឋកូរ៉េខាងត្បូងប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល ។
សារព័ត៌មានកូរ៉េខាងត្បូងជាច្រើនរាយការណ៍ថា វត្ថុដែលកូរ៉េខាងជើងបានដាក់ក្នុងបាឡុង និងបញ្ជូនមកឱ្យកូរ៉េខាងត្បូងលើកនេះ គឺសុទ្ធតែជាសំរាមទាំងអស់ ដូចជា ៖ ក្រដាសអនាម័យ និងថ្មផលិតនៅប្រទេសចិន ៕










