ប្រទេសប៉េរូ ៖ ទឹកជ្រោះកូនក្រមុំ ឬមានឈ្មោះម្យ៉ាងទៀតថា «The Bride’s Waterfall» ដែលមានទីតាំងនៅខាងក្រៅទីក្រុង Cajamarca ស្ថិតនៅភាគខាងជើងប្រទេសប៉េរូ បានល្បីល្បាញពាសពេញពិភពលោកឡើងវិញ ក្រោយពីមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គម ។ រីឯមូលហេតុដែលគេដាក់ឈ្មោះទឹកជ្រោះនេះថា «ទឹកជ្រោះកូនក្រមុំ» ដោយសារទឹកហូរធ្លាក់ចុះមកមានលក្ខណៈដូចគ្នានឹងស្ត្រីម្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ។
ទឹកជ្រោះកូនក្រមុំ បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើន ដែលបានមកកម្សាន្តនៅទីនេះ ។ ខ្សែទឹកពណ៌ស ហូរធ្លាក់ចុះមកតាមផ្ទាំងថ្មពណ៌ខ្មៅ ដោយគ្មានគោលដៅ គឺធ្វើឱ្យគេមើលឃើញរូបរាងរបស់ស្ត្រីម្នាក់កំពុងតែឈរ និងស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដ៏ស្រស់ស្អាត ។
បើទោះជាទឹកជ្រោះកូនក្រមុំ មិនមែនជាទឹកជ្រោះមានទំហំធំក្តី បើធៀបនឹងទឹកជ្រោះជាច្រើនកន្លែងទៀតនៅទូទាំងពិភពលោក ប៉ុន្តែទឹកជ្រោះនេះមានលក្ខណៈពិសេស និងខុសប្លែកពីទឹកជ្រោះផ្សេងៗ ។ លក្ខណៈពិសេសនេះបានកើតឡើងដោយសារធម្មជាតិបង្កើតឡើងមក និងធ្វើឱ្យភ្ញៀវទេសចរលង់ស្នេហ៍យ៉ាងខ្លាំង រហូតដល់ពួកគេចង់សម្លឹងមើលហើយ សម្លឹងមើលទៀត ពុំដាក់ភ្នែក និងស្ទើរតែភ្លេចដកដង្ហើម ។
ក្រោយពីវីដេអូទឹកជ្រោះនេះបានបង្ហោះក្នុងបណ្តាញសង្គម នៅខែឧសភា ឆ្នាំ២០២៤ ធ្វើឱ្យវាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងនាំគ្នាសរសើរពុំដាច់ពីមាត់ថា ពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកកម្សាន្តនៅទីនេះបានម្តងក្នុងមួយជីវិត ។ អ្នកលេងបណ្តាញសង្គមមួយចំនួននិយាយថា ធម្មជាតិបានបង្កើតទឹកជ្រោះកូនក្រមុំរួចហើយ និងស្រស់ស្អាតខ្លាំងណាស់ ហើយចុះមានទឹកជ្រោះកូនកំលោះដែរឬទេ? បើមាន តើស្ថិតនៅប្រទេសណា?
ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ទឹកជ្រោះកូនក្រមុំ អាចសប្បាយរីករាយនឹងភាពស្រស់ស្អាតនៅទីនេះ តាមរយៈការដើរលេងក្នុងព្រៃនៅបរិវេណជុំវិញ ។ តំបន់នេះទទួលបានការថែទាំយ៉ាងល្អពីសំណាក់អាជ្ញាធរប៉េរូ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការស្រាវជ្រាវ ៕










