បើនិយាយថា នៅលើពិភពលោកនេះមានបឹងមួយកន្លែងមានទឹកស្អិតខ្លាំងដូចជ័រកៅស៊ូ តើលោកអ្នកជឿដែរឬទេ? យើងសូមណែនាំលោក-អ្នកឱ្យស្គាល់បឹងមួយឈ្មោះ Pitch គឺជាបឹងមានទឹកពណ៌ខ្មៅ និងស្អិតដូចជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅទីក្រុង La Brea សាធារណរដ្ឋទ្រីនីដាដ និងតូបាហ្គោ ។ គេចាត់ទុកថា វាជាបឹងមួយដែលប្រមូលផ្តុំជ័រកៅស៊ូស្អិតបែបធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក ។.jpg)
អ្នកវិទ្យាសាស្ត្រជឿជាក់ថា នៅបាតបឹង Pitch មានស្នាមប្រេះនៃសំបកផែនដីចំនួន២ខ្សែប៉ះគ្នា ទើបធ្វើឱ្យប្រេងឆៅនៅក្រោមដីផុសចេញមកលើតាមរយៈស្នាមប្រេះនេះ ។ បន្ទាប់មក ប្រេងឆៅទាំងនេះបានផ្សំគ្នាជាមួយកំទេចកំទីថ្ម, ក្រួស និងខ្សាច់អស់រយៈពេលរាប់លានឆ្នាំ រហូតបណ្តាលទឹកក្នុងបឹងទាំងមូលមានសភាពស្អិតដូចជ័រកៅស៊ូធម្មជាតិ ។
ទោះយ៉ាងណា ទឹកបឹងដែលមានសភាពដូចជ័រកៅស៊ូនេះ គឺមិនដូចគ្នានឹងជ័រកៅស៊ូធ្វើផ្លូវថ្នល់ទេ ពីព្រោះជ័រកៅស៊ូធ្វើផ្លូវថ្នល់នៅសេសសល់ពីការផលិតជាសម្ភារៈផ្សេងៗ ។ រីឯទឹកក្នុងបឹង Pitch មានពណ៌ខ្មៅ និងមានសភាពទន់ ហើយភ្ញៀវទេសចរអាចដើរនៅលើចំណុចរឹងលើបឹងបាន លើកលែងតែចំណុចខ្លះ បើភ្ញៀវទេសចរឈរយូរបន្តិច ពួកគេអាចធ្លាក់ចូលក្នុងទឹក ។.jpg)
បើទោះជាគេមើលទៅឃើញថា ទឹកក្នុងបឹងនេះមានសភាពហ្នឹងថ្កល់ក្តី ប៉ុន្តែការពិត ទឹកបឹងបានបម្លាស់ទីយឺតៗ ។ ចំណុចមួយគួរឱ្យចាប់អារម្មណ៍ គឺអាជ្ញាធរពុំអនុញ្ញាតឱ្យភ្ញៀវទេសចរជក់បារីនៅបរិវេណក្បែរបឹងទេ ដោយសារតែប្រេងឆៅនៅទីនេះអាចធ្វើឱ្យបឹងទាំងមូលឆៅបាន ។
គេបានរកឃើញបឹង Pitch នៅឆ្នាំ១៥៩៥ និងត្រូវបានគេជួញដូរប្រេងក្នុងបឹងនេះតាំងពីឆ្នាំ១៨៦៧ មកម៉្លេះ ។ រហូតមកដល់បច្ចុប្បន្ន គេបានយកប្រេងពីក្នុងបឹងនេះប្រមាណ១០លានតោន និងនៅសល់ប្រេងប្រមាណ៦លានតោនទៀត ។ លើសពីនេះ វាជាប្រភពនៃវត្ថុធាតុដើមរបស់ក្រុមហ៊ុននាំចេញស៊ីម៉ងត៍ ហើយប្រេងក្នុងបឹងនេះត្រូវបានគេយកមកប្រើប្រាស់ក្នុងផ្នែកសំណង់ផងដែរ ។.jpg)
ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរមកកម្សាន្តនៅបឹង Pitch ស្មើប្រមាណ២ម៉ឺននាក់ ហើយភ្ញៀវទេសចរមួយចំនួនបានសាកល្បងចុះហែលទឹកបឹង ដោយសារពួកគេជឿថា អាចព្យាបាលជំងឺឱ្យជាសះស្បើយ ។
បឹងនេះបានក្លាយជាតំបន់ដែលអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយរយៈពេលរាប់ពាន់ឆ្នាំមុន សត្វមានជីវិតតូច-ធំជាច្រើនក្បាល ដូចជា ៖ គោ, សេះ, អណ្តើក, ខ្យង, បក្សី និងកណ្តុរ បានធ្លាក់ចូលក្នុងទឹកបឹងពុំអាចឡើងលើគោកវិញបានទេ ហើយចុងក្រោយ ពួកវាក៏បានងាប់នៅក្នុងទឹកបឹងដ៏ស្អិតនេះ ៕.jpg)










