យោងតាមទិន្នន័យពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយនៅចុងខែឧសភាថ្មីៗនេះថា ក្នុងចំណោមប្រទេសចំនួន ១១៩ មានតែ ១០ ប្រទេសប៉ុណ្ណោះដែលមានភាពជឿនលឿនខ្លាំងបំផុតក្នុងវិស័យទេសចរសម្រាប់ឆ្នាំ ២០២៤។ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អេស្ប៉ាញ ជប៉ុន បារាំង អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីតាលី និងប្រទេសស្វីស។ យោងតាម WEF សហរដ្ឋអាមេរិកគឺជាទីផ្សារទេសចរណ៍ “ទំនើប” នៅពេលដែលប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្វាគមន៍ភ្ញៀវទេសចរដូចជាផ្លូវអាកាសដែលតភ្ជាប់គ្រប់ទីកន្លែងក្នុងពិភពលោក។ 
សហរដ្ឋអាមេរិកគឺជាប្រទេសឈានមុខគេរបស់ពិភពលោកជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ការធ្វើដំណើរ និងទេសចរណ៍ឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុសរុប ៥.២៤ (មាត្រដ្ឋាន ៧ ពិន្ទុ)។ លើសពីនេះ ជំហររបស់អាមេរិកនៅលើឆាកអន្តរជាតិក៏ជាចំណុចខ្លាំងដែលជួយឱ្យប្រទេសនេះមានភាពលេចធ្លោផងដែរ។ តំបន់របស់អាមេរិកគឺធំទូលាយ មានទេសភាពធម្មជាតិប្លែកៗជាច្រើន ចាប់ពីឧទ្យានជាតិរហូតដល់ទីក្រុងធំៗ ឆ្នេរដ៏ស្រស់ស្អាតជាច្រើន និងសេវាកម្មធ្វើដំណើរពេញលេញ។
តាមពីក្រោយអាមេរិកគឺប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងពិន្ទុសរុប ៥.១៨។ WEF បានអត្ថាធិប្បាយថាអឺរ៉ុបគឺជា “ទិសដៅដែលអាចបត់បែនបានជាមួយនឹងលំហូរទេសចរណ៍ក្នុងតំបន់ដ៏រឹងមាំ” ហើយបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកជញ្ជូនផ្លូវដែករបស់ទ្វីបនេះ។ ដូច្នេះសេដ្ឋកិច្ចដ៏រឹងមាំ ទីតាំងល្អនៃប្រាក់អឺរ៉ូ និងប្រាក់ផោនអង់គ្លេស បានធ្វើឱ្យលទ្ធភាពរបស់ជនជាតិអឺរ៉ុបធូរធារជាងមុន។ សម្រាប់ចំណាត់ថ្នាក់ទី៣ វិញបានទៅលើប្រទេសជប៉ុន ដែលស្ថិតក្នុងទ្វីបអាស៊ីត្រូវបានចាត់ទុកថា ជាប្រទេសដែលរីកចម្រើនខ្លាំងផ្នែកទេសចរណ៍ក្នុងឆ្នាំ ២០២៤ នេះ។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ខ្ពស់ក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ការធ្វើដំណើរ យោងតាមអ្នកជំនាញជាច្រើន មិនមែនជារឿងល្អនោះទេ។ ការអភិវឌ្ឍទេសចរណ៍ហួសហេតុនាំឱ្យមានមនុស្សច្រើនលើសចំណុះ។ នៅក្នុងប្រទេសជាច្រើន ទេសចរណ៍ហួសប្រមាណគឺជាបញ្ហាដែលបង្កការឈឺក្បាលសម្រាប់រដ្ឋាភិបាលក្នុងតំបន់ ដោយសារផលប៉ះពាល់របស់វាទៅលើបរិស្ថាន និងកង្វះនិរន្តរភាព។
គួរបញ្ជាក់ដែរថា ចំណាត់ថ្នាក់នេះត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និរន្តរភាព ភាពអាចរកបានកម្លាំងពលកម្ម និងតម្លៃប្រកួតប្រជែង។ បន្ថែមពីលើលក្ខណៈវិនិច្ឆ័យដែលមាន WEF ក៏ដាក់តម្លៃខ្ពស់លើសកម្មភាពអាជីវកម្មនៃសណ្ឋាគារ អាកាសយានដ្ឋាន ភាពទាក់ទាញ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕










