ប្រទេសជប៉ុន ៖ តាំងពីដើមរៀងមក ជនជាតិជប៉ុនបានអប់រំកូនចៅរបស់ខ្លួនឱ្យមានភាពស្មោះត្រង់ និងចេះជួយអ្នកដទៃ ។ ហេតុនេះ នៅពេលរើសបានប្រាក់ ឬសម្ភារៈផ្សេងៗនៅតាមផ្លូវ ឬទីសាធារណៈ ជនជាតិជប៉ុនភាគច្រើនតែងតែរាយការណ៍មកសមត្ថកិច្ច និងប្រគល់ទ្រព្យសម្បត្តិទាំងនេះទៅឱ្យសមត្ថកិច្ចដើម្បីប្រគល់ឱ្យម្ចាស់ដើមវិញ ។ នៅខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចរាយការណ៍ថា ចំនួនសាច់ប្រាក់ដែលពលរដ្ឋរើសបានតាមផ្លូវ និងប្រគល់ឱ្យសមត្ថកិច្ច បានកើនឡើងបើធៀបនឹងឆ្នាំមុនៗ ។
សមត្ថកិច្ចជប៉ុនរាយការណ៍ថា កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនរើសបានប្រាក់នៅតាមផ្លូវ ឬទីសាធារណៈ ហើយពួកគេជូនដំណឹងមកសមត្ថកិច្ច គឺស្មើរហូតដល់២ម៉ឺន២ពាន់៨រយលានយ៉េន កើនឡើងប្រមាណ១.៧០០លានយ៉េន បើធៀបនឹងឆ្នាំ២០២២ ។ ឧបករណ៍អេឡិចត្រូនិកតូចៗ ដូចជា ៖ កាសស្តាប់ត្រចៀក (កាសគ្មានខ្សែ) និងឧបករណ៍សាកថ្មទូរស័ព្ទ បានបាត់បង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
សមត្ថកិច្ចជប៉ុនបន្តថា ចំណែកទ្រព្យសម្បត្តិ ឬសម្ភារៈផ្សេងៗ (មិនមែនជាសាច់ប្រាក់) ដែលពលរដ្ឋជប៉ុនរើសបានកាលពីឆ្នាំ២០២៣ ហើយពួកគេជូនដំណឹងមកសមត្ថកិច្ច គឺស្មើនឹង២៩លាន៧សែន៩ម៉ឺនប្រភេទ កើនឡើងប្រមាណ៣លាន១សែន៥ម៉ឺនប្រភេទ បើធៀបនឹងឆ្នាំ២០២២ ហើយវាជាចំនួនច្រើនបំផុត បើគិតចាប់ពីឆ្នាំ១៩៧១ ។
ការប្រទះឃើញសម្ភារៈផ្សេងៗនៅតាមផ្លូវ និងទីសារធារណៈមានចំនួនកើនឡើង ដោយសារពលរដ្ឋជប៉ុននិយមធ្វើដំណើរដោយថ្មើរជើងនៅតាមផ្លូវ ក្រោយពីរដ្ឋាភិបាលបន្ធូរបន្ថយវិធានការរឹតបន្តឹងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ កាលពីឆ្នាំ២០១៩ ការប្រទះឃើញសម្ភារៈផ្សេងៗនៅតាមផ្លូវ និងទីសាធារណៈ គឺស្មើត្រឹមតែ២៩លាន៧សែន៥ម៉ឺនប្រភេទប៉ុណ្ណោះ ។
យោងតាមច្បាប់របស់ប្រទេសជប៉ុនពាក់ព័ន្ធនឹងការបាត់បង់ទ្រព្យសម្បត្តិចែងថា បុគ្គលណាម្នាក់រើសបានសាច់ប្រាក់ ឬសម្ភារៈផ្សេងៗ ហើយរាយការណ៍មកសមត្ថកិច្ច បុគ្គលនោះនឹងទទួលបានសាច់ប្រាក់ និងសម្ភារៈនេះ ប្រសិនបើគ្មានអ្នកណាម្នាក់មកបង្ហាញខ្លួនថា ជាម្ចាស់ក្នុងរយៈពេល៣ខែ (ប៉ុន្តែលើកលែងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកដែលមានទិន្នន័យផ្ទាល់ខ្លួន) ។ ករណីបុគ្គលរើសបានសាច់ប្រាក់ ឬសម្ភារៈនេះ បដិសេធមិនព្រមទទួលយក គឺទ្រព្យសម្បត្តិទាំងនេះនឹងត្រូវបានបញ្ជូនទៅក្នុងឃ្លាំងរបស់អាជ្ញាធរខេត្ត ៕










