អ្នកអត្ថាធិប្បាយបាល់ទាត់ Admin ជីងចក់ បានបង្ហោះលិខិតសូមទោសជាសាធារណៈទៅកាន់សមាគមឧកញ៉ាបន្ទាប់ពីនិយាយរិះគន់ទៅកាន់អ្នកមានងារឧកញ៉ាមួយចំនួនបានប្រើប្រាស់ងារនេះទៅប្រព្រឹត្តនូវកំហុស និង ទង្វើផ្ទុយច្បាប់ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា។ Admin ជីងចក់ បានទទួលស្គាល់ថាពាក្យសម្តីនេះបានធ្វើឱ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ។ ទន្ទឹមនឹងការសូមទោសរបស់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបែរជាកោតសរសើរ Admin ជីងចក់ ដែលហ៊ាននិយាយបែបនេះ ខណៈអ្នកផ្សេងទៀតថាពាក្យសម្តីពិតគេបដិសេធគេចូលចិត្តតែពាក្យពីរោះតែក្លែងក្លាយ។
នៅយប់ថ្ងៃទី២៧ ខែឧសភា Admin ជីងចក់ បានបង្ហោះលិខិតសូមទោសដោយបានដាក់ចំណងជើងថា «ខ្ញុំជីងចក់ សូមធ្វើការសូមទោសទៅកាន់ សមាគមឧកញ៉ាកម្ពុជា និងលោកអ្នក ឧកញ៉ាប្រធានសមាគម ដែលមានខ្លឹមសារដូចខាងក្រោម»។ ក្នុងលិខិតនោះមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ជឿន ចក់ ភេទប្រុស សញ្ជាតិខ្មែរ ឆ្នាំកំណើត១៩៨៨ មានទីលំនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ សូមគោរពជូនលោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ ដែលមានគណនីឈ្មោះ ជីង ចក់ TV (ទំព័រហ្វេសប៊ុក) បានធ្វើការផ្សាយផ្ទាល់នូវវីដេអូខ្លីមានរយៈពេល ៣នាទី និង ២២វិនាទីលើ (ទំព័រហ្វេសប៊ុក) ដោយមានខ្ញុំបាទ ឈ្មោះ ជឿន ចក់ ហៅថា ជីង ចក់ ជាអ្នកអត្ថាធិប្បាយ, វិភាគ និង រិះគន់ យ៉ាងខ្លាំងទៅលើបុគ្គលមួយចំនួនដែល មានងារជាឧកញ៉ា ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និង ទង្វើផ្ទុយច្បាប់ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ ដោយ ក្នុងការបកស្រាយរបស់ខ្ញុំបាទគ្រានោះ មានពាក្យពេចន៍ខ្លះពិតជាបានបង្កើតឲ្យមានកំហុសដោយអចេតនា ដែលនាំ ឱ្យប៉ះពាល់ជារួមដល់កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ សមាគមឧកញ៉ាកម្ពុជា មែន ព្រោះថា ខ្ញុំបាទមិនមានការ យល់ដឹងច្បាស់លាស់ទៅនឹងពាក្យថាគោរមងារឧកញ៉ា ដែលជាគោរមងារកិត្តិយសផ្តល់ដោយព្រះមហាក្សត្រ ទ្រង់ព្រះ រាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ក្នុងការ ចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ហើយងារជាឧកញ៉ាពុំមានឥទ្ធិពលអាចយកទៅប្រើប្រាស់សម្រាប់រកស៊ីបោកប្រាស់ប្រជាពលរដ្ឋបានទេ»។
លិខិតដដែលមានអត្ថន័យទៀតថា «ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក ដែលបានបង្កើតនូវកំហុសអចេតនាមួយនេះឡើង នៅ ក្នុងពេលវេលានេះផងដែរខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ និងជាពិសេស ដល់ លោកអ្នកឧកញ៉ាប្រធាន ចំពោះកំហុសដោយអចេតនារបស់ខ្ញុំបាទ ។ ខ្ញុំបាទសូម សន្យាថានឹងឈប់ឱ្យមានការផ្សព្វផ្សាយ ឬ និយាយប៉ះពាល់ដល់កិត្តិយស ឬ បរិហាកេរ្តិ៍ នៃគោរមងារឧកញ៉ា តទៅ ទៀតហើយ ចាប់ពីពេលនេះតទៅ ព្រមទាំងខ្ញុំបាទសូមធ្វើការលុបនូវឃ្លីបវីដេអូខ្លីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣-៣-២០២៤ នៅលើ (ទំព័រហ្វេសប៊ុក ជីង ចក់ TV) ចោលឱ្យអស់ រួមទាំងដំណរភ្ជាប់ទៀតផងដែរ ។ ខ្ញុំបាទសង្ឃឹមថា លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ពិតជាមានក្តីមេត្តា ផ្តល់ភាពសណ្តោសអភ័យ និង ព្រមទាំងយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ សូម លោកអ្នកឧកញ៉ាប្រធាន ទទួលនូវកាគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»។
ទន្ទឹមនឹងការសូមទោសរបស់ Admin ជីងចក់ ដែលបានប្រើសម្តីរិះគន់ឧកញ៉ាមួយចំនួនយកងារនេះទៅប្រើប្រាស់ក្នុងរូបភាពអវិជ្ជមាន ងាកទៅកាន់អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅកោតសរសើរទៅកាន់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះនិងលើកឡើងថារូបគេនៅខាងAdmin ជីងចក់។ គណនីខ្លះក៏បានសរសើរថារូបលោកហ៊ាននិយាយពាក្យពិតទៅលើបញ្ហានេះ ចំណែកឯអ្នកខ្លះទៀតលើកឡើងថា ពាក្យសម្តីពិតគេបដិសេធគេចូលចិត្តតែពាក្យពីរោះតែក្លែងក្លាយ៕










