SpoGomi គឺជាកីឡាមួយប្រភេទដែលប្រកួតប្រជែងរាប់ពិន្ទុតាមចំនួន និងប្រភេទសំរាម ហើយកីឡានេះបានបង្កើតឡើងនៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន កីឡានេះបានទទួលការពេញនិយមយ៉ាងខ្លាំងនៅពាសពេញពិភពលោក ហើយប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានរៀបចំប្រកួតកីឡានេះដែរ ដើម្បីជំរុញឱ្យមនុស្សលើពិភពលោក ចេះស្រឡាញ់បរិស្ថាន និងបោះចោលសំរាមត្រឹមត្រូវ ។
គេពុំអាចបដិសេធបានថា បច្ចុប្បន្ន កីឡាចាប់ផ្តើមមានទំនាក់ទំនងជាមួយបរិស្ថានខ្លាំងឡើង ដូចជា ៖ ការកាត់បន្ថយសំរាមផ្លាស្ទិកនៅកីឡដ្ឋាន ឬការផលិតរង្វាន់មេដាយពីវត្ថុកែច្នៃពីសំរាម ។ ក្រៅពីការប្រឹងប្រែងសម្របខ្លួននៃសកម្មភាពទាក់ទងនឹងកីឡា ប្រទេសជប៉ុនក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាដើម្បីជួយបរិស្ថានពិភពលោកដោយផ្ទាល់ ហើយបង្កើតកីឡាឈ្មោះថា «SpoGomi» ។
SpoGomi បានមកពីពាក្យ «Sport» និង «Gomi» ដែលភាសាជប៉ុន មានន័យថា សំរាម ។ ប្រទេសជប៉ុនបានបង្កើតកីឡា SpoGomi កាលពីឆ្នាំ២០០៨ ដើម្បីជំរុញការប្រមូលសំរាម និងថែរក្សាបរិស្ថាន ព្រមទាំងបង្ហាញពីបញ្ហាវិបត្តិអាកាសធាតុឱ្យមនុស្សលើពិភពលោកយល់ដឹងផងដែរ ។ កីឡា SpoGomi បានកំណត់ឱ្យកីឡាករដែលចូលរួមប្រកួតត្រូវប្រមូលសំរាមក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។ ហេតុនេះ កីឡាករចូលរួមប្រកួតទាំងអស់នឹងបានហាត់ប្រាណ, ចូលរួមកែលម្អសហគមន៍របស់ខ្លួន និងកាត់បន្ថយជាតិពុលលើបរិយាកាស ។
ការប្រកួតកីឡានេះ គឺលើសពីការប្រមូលសំរាមទៅទៀត ដោយសារមានលក្ខខណ្ឌប្រកួតច្បាស់លាស់ ប៉ុន្តែលក្ខខណ្ឌការប្រកួតនឹងមានភាពបត់បែនអាស្រ័យលើតំបន់ និងសំរាមត្រូវប្រមូល ។ ជាទូទៅ ក្នុង១ក្រុមនឹងមានសមាជិកចាប់ពី៣នាក់ ទៅ៥នាក់ ហើយពួកគេត្រូវប្រមូលសំរាមឱ្យបានច្រើនបំផុតក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។
ការប្រកួតភាគច្រើន គេនឹងកំណត់ពេលចំនួន១ម៉ោង និងបន្ថែមពេល២០នាទីទៀត សម្រាប់បែងចែកសំរាមតាមប្រភេទ ។ ក្រៅពីនេះ សំរាមនីមួយៗដែលប្រមូលបាននឹងទទួលបានពិន្ទុខុសៗគ្នា គឺសំរាមខ្លះបានបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន នឹងទទួលបានពិន្ទុច្រើនជាងសំរាមផ្សេងទៀត ប៉ុន្តែគេពុំបានឃើញសំរាមនេះញឹកញាប់ទេ ។
បច្ចុប្បន្ន កីឡា SpoGomi ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិ The Nippon Foundation ដែលមានគោលដៅកាត់បន្ថយបរិមាណសំរាមហូរចូលមហាសមុទ្រ និងជំរុញឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមក្នុងសមុទ្រ ដោយសារសំរាមក្នុងសមុទ្រចាប់ផ្តើមប៉ះពាល់បរិស្ថានពិភពលោកកាន់តែខ្លាំង ។
ការប្រកួតកីឡា SpoGomi មិនបានប្រកួតតែនៅប្រទេសជប៉ុនមួយទេ ពីព្រោះកីឡានេះបានទទួលការចាប់អារម្មណ៍ពីប្រទេសផ្សេងៗផងដែរ ហើយប្រទេសជាច្រើនធ្លាប់រៀបចំការប្រកួតកីឡានេះរួចហើយ ដូចជា ៖ ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, មីយ៉ាន់ម៉ា, អ៊ីតាលី, វៀតណាម និងថៃ ។ ប្រទេសថៃបានរៀបចំប្រកួតកីឡានេះលើកចុងក្រោយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៅ Siam Paragon ។
កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា «SpoGomi World Cup 2023» គឺជាការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកលើកដំបូង ដែលមានក្រុមកីឡាករ-កីឡាការិនីមកចូលរួមប្រកួត ចំនួន២០ប្រទេស ៕










